គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ មានពលករខ្មែរធ្វើការនៅក្រៅប្រទេសជាង ១លាននាក់ ដោយកំពុងធ្វើការនៅក្នុងប្រទេសចំនួន៥នេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងការងារបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះមានពលករធ្វើការនៅក្រៅប្រទេសជាង១លាននាក់ ដែលបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងសុខុមាលភាពរបស់គ្រួសារអ្នកធ្វើការ។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ត្រឹមខែសីហា ក្នុងឆ្នាំ២០២២នេះ កម្មករចំណាកស្រុករបស់កម្ពុជា ធ្វើការនៅក្រៅប្រទេសមានចំនួន ១លាន ៣សែននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុន ទាំងនេះបានចូលចំណែកសេដ្ឋកិច្ចជាតិ និងលើកម្ពស់ជីវភាពរបស់គ្រួសារផងដែរ។
ថ្លែងក្នុងន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា៖ ” គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ គឺពួកគាត់បានរួមចំណែកកែលម្អជីវភាព សម្រាប់ខ្លួនគាត់ផង ហើយក៏ដូចជាក្រុមគ្រួសាររបស់គាត់ផងដែរ តាមអ្វីដែលយើងបានកត់ត្រាទុក ហើយនឹងព្យាករណ៍គឺយើងឃើញថា ក្នុងឆ្នាំ២០២២នេះ គឺបងប្អូនដែល ធ្វើការនៅក្រៅប្រទេស គឺគាត់អាចនឹងផ្ទេរប្រាក់មកស្រុកកំណើតវិញគឺប្រហាក់ប្រហែលជា ២.៧ពាន់លានដុល្លារក្នុងមួយឆ្នាំ នេះគឺជាតួលេខមួយដ៏ខ្ពស់ ហេតុដូចនេះហើយបានជាកន្លងមក ឯកឧត្តម បណ្ឌិត សុខ ហេង លោកតែងតែសរសើរទៅដល់បងប្អូនធ្វើការងារនៅក្រៅប្រទេស ហើយគាត់តែងតែឆ្លៀតពេលវេលាចុះសួរសុខទុកបងប្អូនពលកររបស់យើងនៅតាមប្រទេសនានា ជាពិសេសនៅប្រទេសកូរ៉េ និងប្រទេសថៃនេះតែម្ដង “។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលជីវៈ ក៏កំពុងបន្តជម្រុញការអនុវឌ្ឍន៍គោលនយោបាយ ស្ដីពីការធ្វើចំណាកស្រុកសម្រាប់កម្ពុជាឆ្នាំ២០១៩-២០២៣ និងបទដ្ឋានគតិយុទ្ធពាក់ព័ន្ធ ដើម្បីការពារ និងលើកកម្ពស់សិទ្ធនិងផលប្រយោជន៍របស់កម្មករ រួមទាំងការគាំពារសង្គមក្នុងពេលកំពុងធ្វើការ និងត្រឡប់មកផ្ទះវិញ ៕

ប្រភព៖ ក្រសួងព័ត៌មាន