គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងសាងសង់ផ្លូវល្បឿន លឿនម៉ុកបៃ-ហូជីមិញ នឹងចប់រួចរាល់ដំណាលគ្នា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសាធារណការ សង្ឃឹមថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងចប់រួចរាល់ដំណាលគ្នា ដើម្បីតភ្ជាប់ក្នុងពេលនោះតែម្តង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ហ៊ុយថាំង(Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីពេលថ្មីៗនេះ នាទីស្តីការក្រសួង ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនផងដែរថា រូបឯកឧត្តមបានមកបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រមាណ១ឆ្នាំហើយ ប៉ុន្តែដោយសារតែបញ្ហាការរាតត្បាតជំងឺកូវីដ-១៩ ទើបនាំឱ្យមានការពន្យាពេលការចូលជួបសម្តែងការ គួរសម។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងបានជម្រាបជូនអំពីសមិទ្ធផលថ្មីៗទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្រសួងទើបសម្រេចបាន ក៏ដូចជាវឌ្ឍនភាពគម្រោងការងារដែលក្រសួងកំពុងអនុវត្ត និងគ្រោងអនុវត្តនាពេលអនាគត។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីគម្រោងសិក្សាលទ្ធភាពពង្រីក ផ្លូវនៅច្រកទ្វាព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ដែលសព្វថ្ងៃកំពុងជួបប្រទះនូវបញ្ហាការកកស្ទះចរាចរណ៍។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីសំណូមពរមួយចំនួនរួមមាន៖
១.ពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់(MoU) ចំពោះកូតារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនពី ៥០០គ្រឿងទៅ៨០០គ្រឿង និងការជំរុញឱ្យមានការចុះហត្ថលេខាអំឡុងពេលកិច្ចប្រជុំអាស៊ាន នាដើមខែវិច្ឆិកាខាងមុខ។
២.ការជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ។
៣.ការជំរុញឱ្យមានការសិក្សាលទ្ធភាពលើការសាងសង់ផ្លូវដែកត្រង់តភ្ជាប់ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។
៤.ការជំរុញឱ្យមានការអនុវត្តន៍នីតិវិធីត្រួតពិនិត្យច្រកចេញតែមួយ (Single Window Single Inspection) ដើម្បីកាត់បន្ថយការចំណាយពេលវេលាយូរនៅច្រកទ្វារ អន្តរជាតិបាវិត-ម៉ុកបៃ ដែលបណ្តាលឱ្យមានការកកស្ទះ។
និង៥.ការជំរុញឱ្យមានការតភ្ជាប់វិស័យ គមនាគមន៍ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍ និងជាពិសេស ជើងហោះហើរត្រង់ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាឡុង ដើម្បីជំរុញកំណើនទេសចរណ៍របស់ប្រទេសទាំងពីរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំណុចដែលឯកឧត្តមឯកអគ្គរដ្ឋទូតលើកឡើងខាងលើ គឺសុទ្ធតែជាចំណុចគន្លឹះល្អៗ ក្នុងការរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ ជាពិសេស លើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅចូលរួមចំណែកក្នុង ការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ផងដែរ។
ទាក់ទងនឹងការតភ្ជាប់ផ្លូវល្បឿនលឿន ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនដែរថា ក្រសួងបានចុះអនុស្សរណៈយោគយល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួចរាល់ហើយ ៗ គ្រោងនឹង ចុះកិច្ចព្រមព្រៀងសម្បទាន និងការបើកការដ្ឋានសាងសង់នាពេលខាងមុខ ហើយសង្ឃឹមថា៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងរួចរាល់ដំណាលគ្នា ដើម្បីតភ្ជាប់ក្នុងពេលនោះតែម្តង។ ដោយឡែកចំពោះច្រកទ្វារព្រំដែនព្រៃវល្លិ-ប៊ិញហៀប ក្រសួងនឹងរៀបចំការដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕


ប្រភព៖ ក្រសួងព័ត៌មាន