ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាមេរិកព្រមានដាក់ទណ្ឌកម្មចំពោះប្រទេស ក្រុមហ៊ុន ឬបុគ្គលណាម្នាក់ដែលផ្តល់រំសេវទៅកាន់ប្រទេសរុស្ស៊ី

    BY Khmernote Media October 15, 2022
    អាមេរិកព្រមានដាក់ទណ្ឌកម្មចំពោះប្រទេស ក្រុមហ៊ុន ឬបុគ្គលណាម្នាក់ដែលផ្តល់រំសេវទៅកាន់ប្រទេសរុស្ស៊ី

    អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី១៤ ខែតុលាកន្លងទៅនេះបានព្រមានថា នឹងដាក់ទណ្ឌកម្មចំពោះប្រទេស ក្រុមហ៊ុន ឬបុគ្គលណាម្នាក់ ដែលបានផ្តល់រំសេវទៅកាន់ប្រទេសរុស្ស៊ី ឬគាំទ្រកម្លាំងយោធារុស្ស៊ីសម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Wally Adeyemo អនុរដ្ឋលេខាធិការអាមេរិកក្នុងឱកាសដែលរូបលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយជាមួយតំណាងប្រទេសចំនួន ៣២ផ្សេងទៀត ដើម្បីពិភាក្សាគ្នាអំពីវិធានការដែលពិភពលោកត្រូវដាក់សម្ពាធ ឬដាក់ទណ្ឌកម្មទៅកាន់ប្រទេសរុស្ស៊ី។

    នៅក្នុងកិច្ចប្រជុំនោះលោក Wally Adeyemo ក៏បានបញ្ជាក់ថា  ពេលនេះរុស្ស៊ីកំពុងប្រើប្រាស់អាវុធក្នុងកម្រិតច្រើនបំផុតតាមតែអាចធ្វើទៅបាន ពោលគឺជាកម្រិតដែលគ្មាននិរន្តភាពនោះទេ។ នៅចំពោះមុខស្ថានភាពនេះរុស្ស៊ីក៏បានងាកទៅស្វែងរកការគាំទ្រនិងការផ្គត់ផ្គង់គ្រឿងសភាវុធពីបណ្តាប្រទេសជាសម្ព័ន្ធមិត្តមួយចំ​នួនផងដែរ ដូចជាប្រទេសកូរ៉េខាងជើងនិងប្រទេសអ៊ីរ៉ង់ជាដើម។  អនុរដ្ឋលេខាធិការអាមេរិករូបនេះបានបន្ថែមទៀតថា ចំពោះគ្រឿងសភាវុធដែលរុស្ស៊ីកំពុងត្រូវការបំផុតនោះមានដូចជា យន្តហោះគ្មានមនុស្សបើក គ្រាប់រ៉ុកកែត កាំភ្លើងធំ និងជាពិសេសនោះគឺរំសេវតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: