ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ បានដាក់ចេញយុទ្ធសាស្ត្រចំនួន៣ ក្នុងការគ្រប់គ្រងជនបរទេស

    BY Naren October 15, 2022
    ក្រសួងមហាផ្ទៃ បានដាក់ចេញយុទ្ធសាស្ត្រចំនួន៣ ក្នុងការគ្រប់គ្រងជនបរទេស

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃបានដាក់ចេញយុទ្ធសាស្ត្រចំនួន៣ក្នុងការគ្រប់គ្រងជនបរទេស ដើម្បីទប់ស្កាត់នូវជនអន្តោប្រវេសន៍ដែលចូលមកស្នាក់នៅកម្ពុជាដោយខុសច្បាប់ពិសេសធានានូវសណ្តាប់របៀបរៀបរយរបស់ជនបរទេសដែលចូលមកបំពេញការងារផ្សេងៗនិងមករស់នៅកម្ពុជា។

    ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសំខាន់ៗក្នុងរយ:ពេល៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានពង្រឹងការគ្រប់គ្រងជនបរទេសតាមរយៈការទប់ស្កាត់ និងបណ្តេញចេញ ចំពោះអ្នកលួចចូលក្នុងប្រទេសដោយខុសច្បាប់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិ។

    ឯកឧត្តមបន្តថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងជនបរទេសក្រសួងមហាផ្ទៃដាក់ផែនការធំៗដូចជា ទី១ ការធ្វើជំរឿង ទី២ទប់ស្កាត់លំហូរជនបរទេស និងទី៣ ត្រួតពិនិត្យការស្នាក់នៅបណ្ដោះអាសន្នជនអន្តោប្រវេសន៍ឬក៏មិនមែនអន្តោប្រវេសន៍គ្រប់ប្រភេទដោយមិនទុកឱ្យជនបរទេសបង្កហានិភ័យដល់សន្តិសុខសណ្តាប់ធ្នាប់ជាតិឡើយ។

    ក្រសួងមហាផៃ្ទបានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ មួយទប់ស្កាត់ម៉ឺងម៉ាត់មិនឱ្យមានកំណើនថែមទៀតនៃជនបរទេសស្នាក់នៅបែបអន្តោប្រវេសន៍ដោយផ្ដើមចេញពីការចុះធ្វើជំរឿនស្ថិតិជនអន្តោប្រវេសន៍ឡើងវិញ។ ពីរ យកចិត្តទុក ដាក់ជំរុញដោះស្រាយបញ្ហាជនបរទេសដែលមានវត្តមាននៅក្នុងប្រទេសឱ្យស្ថិតនៅក្រោមដំបូលនៃច្បាប់ និងបី គ្រប់គ្រងម៉ត់ចត់ការស្នាក់នៅបណ្ដោះអាសន្នរបស់ជនបរទេសមិនមែនអន្តោប្រវេសន៍។

    សូមបញ្ជាក់ថា ក្រោយពីការបោះឆ្នោតលើកទី១ ឆ្នាំ ១៩៩៣មក ការគ្រប់គ្រងជនអន្តោប្រវេសន៍ ជាកត្តាចម្បងរបស់រាជរដ្ឋាភិបាលរហូតឈានដល់បង្កើតច្បាប់ស្តីពីអន្តោប្រវេសន៍បានអនុម័ត និងដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៩៩៤ ខណៈជនបរទេសនៅកម្ពុជាចែកចេញជា២ ប្រភេទគឺ ជនបរទេសអន្តោ ប្រវេសន៍ និងជនបរទេសមិនមែនអន្តោប្រវេសន៍។ ជនបរទេសមិនមែនអន្តោ ប្រវេសន៍ គឺជាជនបរទេសដែលចូលក្នុងប្រទេសស្នាក់ នៅបណ្តោះអាសន្នឬ រយៈ ពេលខ្លី ឯ ជនបរទេសអន្តោ ប្រវេសន៍ គឺជា ជនប្រទេសដែលចូលកម្ពុជាស្នាក់នៅរយៈពេលយូរ ជាការតាំងទីលំនៅជាលក្ខណៈគ្រួសារ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: