នគរបាលឃាត់ខ្លួនម្ចាស់ទូក និងអ្នកបើកទូក ក្រោយមានហេតុការណ៍លិចទូកបណ្តាលឱ្យកូនសិស្ស១១នាក់ បានបាត់បង់ជីវិត
(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ គឺម្ចាស់ទូកដរ២នាក់ និងអ្នកបើកទូកម្នាក់ ក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។ ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១៖ ឈ្មោះ ឆឹង វណ្ណា ភេទស្រី អាយុ ៥២ឆ្នាំ ជាម្ចាស់ទូកដរ ទី២៖ ឈ្មោះ ឆឹង ស្រីនាង ភេទស្រី អាយុ៦៩ឆ្នាំ ជាម្ចាស់ទូកដរ និងទី៣៖ ឈ្មោះ ថេត ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកទូក (កំពុងសម្រាកព្យាបាល) ។

យោងតាមការចុះផ្សាយរបស់ Fresh News លោកស្នងការខេត្តកណ្តាល បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «នៅពេលកម្លាំងសមត្ថកិច្ច បានធ្វើការស៊ើបអង្កេត ហើយឈានទៅដល់ការឃាត់ខ្លួនម្ចាស់ និងអ្នកបើកទូកចំនួន៣ ដើម្បីឱ្យទទួលខុសត្រូវលើករណីនេះ ចាត់វិធានការផ្លូវច្បាប់ ហើយក៏ការជាព្រមានដល់ម្ចាស់ទូកដទៃទៀត ឱ្យមានស្មារតីប្រុងប្រយ័ត្នចំពោះអាជីវកម្មរបស់ខ្លួន»។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានគូសបញ្ជាក់ថា ហេតុការណ៍លិចទូកដនេះ អាចកើតមកពីការខ្វះនូវការទទួលខុសត្រូវ និងភាពធ្វេសប្រហែសរបស់ម្ចាស់ទូកផ្ទាល់តែម្តង។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសរបស់កម្លាំងនគរបាលខេត្ត ក៏ដូចជាកម្លាំងជំនាញក្រសួងមហាផ្ទៃ ដែលបានចុះមកពិនិត្យដោយផ្ទាល់ គឺបានរកឃើញថាទូកដឹកកូនសិស្សដែលលិចនេះ មានសភាពចាស់ទ្រុឌទ្រោម ហើយផ្នែកខាងក្នុងបានពុក ជ័រទឹកក៏បានស្ងួតប្រេះ ដូច្នេះ មិនអាចមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្ម។
ក្នុងរយៈពេល០២យប់ ០៣ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាន ស្រាវជ្រាវរុករកជនរងគ្រោះចំនួន១៥នាក់ ស្រី០៤នាក់ (ស្លាប់១១នាក់ ស្រី០៣នាក់) មានដូចខាងក្រោម៖
-ជួយសង្គ្រោះបានចំនួន០៤នាក់ ស្រី០១នាក់ រួមមាន៖
១-ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរ
២-ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង
៣-ឈ្មោះ វី ចាន់បូរ៉ា ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស
៤-ឈ្មោះ សូត្រ រក្សា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
-រកឃើញសាកសពចំនួន១១នាក់ ស្រី៣នាក់ មុខរបរសិស្ស រួមមាន៖
១-ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ ១៤ ឆ្នាំ
២-ឈ្មោះ ភារុំ ដាវីន ភេទប្រុស អាយុ១២ឆ្នាំ
៣-ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ
៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ
៥-ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ
៦-ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ
៧-ឈ្មោះ ឧត្តម មុន្នី ភេទប្រុស អាយុ១៣ឆ្នាំ
៨-ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ
៩-ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១២ឆ្នាំ
១០-ឈ្មោះ រ៉ី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ
១១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ១៣ឆ្នាំ៕

