សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់នូវការអនុគ្រោះដល់អ្នកខ្ចីឥណទានដែលរងផលប៉ះពាល់ពីទឹកជំនន់ តាមរយៈពន្យាពេលសង បន្ធូរបន្ថយអត្រាការប្រាក់
(ភ្នំពេញ)៖ ព្រឹកនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អំពាវនាវឱ្យដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ផ្តល់នូវការអនុគ្រោះសម្រាប់អ្នកទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចំពោះ មីក្រូហិរញ្ញវត្ថុ ផ្នែកធនាគារ ផ្តល់នូវការអនុគ្រោះសម្រាប់អ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ តាមរយៈការពន្យាពេលសម្រាប់ការសង បន្ធូរបន្ថយការប្រាក់ ឬតាមការរៀបចំឥណទានឡើងវិញ។ សូមយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ដែលលិចលង់ (ទឹកជំនន់) ហើយយើងទៅរើបអូសផ្ទះសម្បែងរបស់គាត់តាមកិច្ចសន្យាដើមវាមិនត្រូវទេ។ សូមឱ្យធនាគារជាតិនៃកម្ពុជាធ្វើការប្រជុំមួយជាមួយនឹងម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ»។ សម្តេចតេជោ បន្តអំពាវនាវត្រង់ទៅកាន់ហិរញ្ញវត្ថុទាំងអស់ចូលរួមសម្រាលបន្ទុកដែលផ្តល់ការអនុគ្រោះដល់អ្នកខ្ចីឥណទានដែលរងផលប៉ះពាល់ (ទឹកជំនន់) ពន្យាពេលសង បន្ធូរបន្ថយអត្រាការប្រាក់ និងការរៀបចំឥណទានឡើងវិញ៕