ធនាគារ ហ្វីលីព ចាប់ដៃគូសហការជាមួយក្រុមហ៊ុន យក្សាបោកអ៊ុត លើសេវាកម្មឥណទាន
ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២៖ ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរី និងក្រុមហ៊ុន យក្សាបោកអ៊ុត ត្រូវបានប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន ទន្លេបាសាក់។ កិច្ចសហការនេះ នឹងស្តែងចេញតាមរយៈការផ្តល់សេវាកម្មឥណទានសម្រាប់អាជីវកររបស់ក្រុមហ៊ុនយក្សាបោកអ៊ុត ក៏ដូចជាការពង្រីកនូវប្រព័ន្ធទូទាត់តាមប្រព័ន្ធឌីជីថល នៅតាមបណ្តាសាខារបស់យក្សាបោកអ៊ុតទូទាំងប្រទេស។

ដោយមើលឃើញនូវការលូតលាស់នៃបច្ចេកវិទ្យា កាន់តែជឿនលឿន និងដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន ក្រុមហ៊ុន យក្សាបោកអ៊ុត បានចាប់ដៃគូសហការជាមួយ ធនាគារ ហ្វីលីព ក្នុងការផ្តល់សេវាកម្មទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថលថ្មីមួយ ដែលមានឈ្មោះថា KHQR។ ប្រព័ន្ធទូទាត់ថ្មីនេះ នឹងបន្ថែមនូវភាព ងាយស្រួល រហ័ស និងកាន់តែទាន់សម័យជាងមុន សម្រាប់អតិថិជនយក្សាទាំងអស់។ បន្ថែមពីនេះផងដែរ អតិថិជន ដែលមានបំណងចង់ក្លាយជាម្ចាស់អាជីវកម្ម ហ្វ្រែនឆាយនៃក្រុមហ៊ុនយក្សាបោកអ៊ុត ក៏អាចស្នើសុំជាឥណទានសម្រាប់ពង្រីកអាជីវកម្មពីធនាគារ ហ្វីលីព ជាមួយនឹងអត្រាការប្រាក់សមរម្យ។
ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះលោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា ភាពជាដៃគូនេះ នឹងផ្ដល់ភាពងាយស្រួល ដល់បណ្ដាសាខាទាំងអស់ របស់ក្រុមហ៊ុន យក្សាបោកអ៊ុតសម្រាប់ដំណោះស្រាយទូទាត់ប្រាក់យ៉ាងរលូន សុវត្ថិភាព និងលឿនរហ័ស។
លោកមានប្រសាសន៍បន្ថែមថា«ជំនួសឱ្យការបង្កើតគណនីជាមួយធនាគារជាច្រើនផ្សេងទៀត ម្ចាស់អាជីវកម្មយក្សាបោកអ៊ុតទាំងអស់ អាចពឹងផ្អែកលើកម្មវិធី KHQR របស់ធនាគារ ហ្វីលីព ដែលអាចឲ្យពួកគេ ទទួលការទូទាត់ពីធនាគារផ្សេងៗទៀតបានយ៉ាងងាយស្រួល។ ម្ចាស់អាជីវកម្មយក្សាបោកអ៊ុត ក៏អាចស្នើសុំឥណទានពីធនាគារ ហ្វីលីព ដើម្បីពង្រីកអាជីវកម្មបន្ថែមទៀតផងដែរ។ »
បន្ថែមពីនេះផងដែរ ម្ចាស់ ក្រុមហ៊ុន យក្សា លោក ហែម ហេម៉ា ក៏បានកោតសរសើរពីភាពជឿនលឿន និងងាយស្រួលនៃផលិតផល និងសេវាកម្មរបស់ ធនាគារផងដែរ។

លោកបានមានប្រសាសន៍ថា៖ «សេវាឥណទាន ដែលជាកិច្ចសហការវាងធនាគារ ហ្វីលីព និងក្រុមហ៊ុន យក្សា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការផ្ដល់ឥណទានកាន់តែងាយស្រួល និងកាន់តែពិសេសដល់អតិថិជន ដែលត្រូវការដើមទុនបន្ថែមសម្រាប់បើកអាជីវកម្ម ដោយធនាគារនឹងផ្តល់ជូនអត្រាការប្រាក់យ៉ាងសមរម្យ និងសុវត្ថិភាពជូនអតិថិជន។»
អាជីវកររបស់យក្សាទាំងអស់ ដែលមានបំណងស្នើសុំឥណទានពីធនាគារ ហ្វីលីព អាចធ្វើការទំនាក់ទំនងបានតាមរយៈបុគ្គលិករបស់ក្រុមហ៊ុន យក្សាបោកអ៊ុត ០១៧ ៥៣៨ ៩០៧ ឬ ធ្វើការទំនាក់ទំនងដោយផ្ទាល់មកកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)។
អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៧០សាខាទូទាំងប្រទេស។
អំពីក្រុមហ៊ុន យក្សាបោកអ៊ុត
យក្សាបោកអ៊ុតគឺជាប្រព័ន្ធហ្វ្រែនឆាយបោកអ៊ុតដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសាខានៅប្រទេសថៃ និង វៀតណាម ។ ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលបោកអ៊ុតគ្រប់ប្រភេទ និង ជាអ្នកផលិត នូវផលិតផលសាប៊ូ ដ៏ធំជាងគេនៅកម្ពុជា ។
