ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ ភ្ញៀវទេសចរជាង ១លាន ៦សែននាក់ បានមកទស្សនាកម្សាន្តនៅខេត្តសៀមរាប
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ សរុបចំនួន ១,៦៣៤,៣៥២នាក់ បានមកទស្សនាកម្សាន្តនៅខេត្ត សៀមរាប ដែលនេះជាសញ្ញាវិជ្ជមានមួយ បង្ហាញថាកំណើនភ្ញៀវទេសចរ នឹងវិលទៅរកភាពល្អប្រសើរឡើងវិញ។

យោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ បានបង្ហាញថា ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២២នេះ ខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួន ១,៦៣៤,៣៥២នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ១៣៤,១៥២នាក់ កើនឡើង ២០៧៥.៣២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ៦,១៦៧ នាក់ ភ្ញៀវទេសចរជាតិចំនួន ១៥,០០ ២,០០០នាក់ កើន ឡើង ១១៤៤.៤៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ចំនួន ១២០,៥៥២ នាក់។
ដោយឡែកក្នុងរយៈពេល ១៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១៧,៤៧៨សន្លឹក ធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២១ មានការកើនឡើង ២៩៨៧.៩៩%។
លោកឡុង កុសល អគ្គនា យករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅ ក្នុងរមណីយដ្ឋានឱ្យកាន់តែច្រើននោះ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើនការអភិវឌ្ឍនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ធ្វើយ៉ាងណាផ្តល់ភាពងាយ ស្រួល ដល់ភ្ញៀវទេសចរចូលមកទស្សនា។
លោកបន្តថា សមិទ្ធផលសំខាន់ៗជាច្រើនរួមមាន៖ ចំណតរថយន្ត ទីលានបដិសណ្ឋារកិច្ច គម្រោងកែលម្អផ្លូវថ្នល់ឱ្យស្រស់ស្អាត បង្កើតឱ្យមានសួនច្បារពណ៌ បៃតងគ្រប់រដូវកាលនៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន បង្កើតឱ្យមានវង់ទស្សនានៅតាមប្រាសាទនីមួយៗ ជាពិសេសការសាងសង់ស្ពានថ្មី ដែលឆ្លងកាត់ចូលទស្សនាប្រាសាទ នាគព័ន្ធ និងបរិក្ខារទេសចរ ណ៍ជាច្រើនទៀត ដើម្បីសម្រួលដល់ភ្ញៀវទេសចរ។
សំខាន់យើងរៀបចំហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ វិស័យទេសចរ ដូចជាចំណតរថយន្ត ទីលានមណ្ឌលបដិសណ្ឋារកិច្ច ការរៀបចំផ្លូវថ្នល់ឱ្យបានស្អាតបាត ការសម្អាតបរិស្ថានអនាម័យតាមដងផ្លូវ តាមទីធ្លានៃប្រាសាទ។ ជាពិសេសយើងបានរៀបចំទីធ្លាមុខបរិវេណប្រាសាទអង្គរវត្ត ទៅជាកន្លែងបៃតង ប្រាសាទអង្គរធំ ជាទីកន្លែងបៃតង យើងបានរៀបចំវង់ទស្សនា ដើម្បីងាយស្រួលរៀបចំលំហូរភ្ញៀវ ដែលចូលទៅទស្សនាតាមប្រាសាទនីមួយៗ យើងក៏បានរៀបចំបរិក្ខារផ្សេងៗទៀត នៅក្នុងតំបន់ប្រាសាទ ដើម្បីឱ្យបងប្អូនយើងទាំងភ្ញៀវជាតិនិងអន្តរជាតិ បានយល់បានដឹងដូចជាផ្ទាំងព័ត៌មាន សញ្ញាតម្រង់ទិស ជាជំនួយក្នុងការទស្សនានៅទីនោះ។
សូមជម្រាបផងដែរថា បន្ទាប់ពីស្ងប់ស្ងាត់ ភ្ញៀវទេសចរ រយៈពេលប្រមាណជាង២ឆ្នាំកន្លងមកនេះ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋមានក្តីរំពឹងថា ភ្ញៀវទេសចរនឹងមានការកើនឡើង ជាបន្តបន្ទាប់ ធ្វើឱ្យស្ថានភាពភ្ញៀវវិលទៅរកភាពល្អប្រសើរជាថ្មីម្តងទៀត តាមរយៈគោល នយោបាយបើកចំហរជើង មេឃរបស់រាជរដ្ឋាភិបាល៕




ប្រភព៖ ក្រសួងព័ត៌មាន