ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគពីសប្បុរសជនជាង ៨២ម៉ឺនដុល្លារ និង១,៦៥៥លានរៀល
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៨២៣ ៩៤៩ ដុល្លារអាមេរិក និង ១ ៦៥៥ ០២៤ ៨០០ រៀល គិតរួមទាំងថវិកាដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់នៅមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬគន្ធបុប្ផាសៀមរាប) ចំនួន ៤២៩ ៣០៩ ដុល្លារអាមេរិក។

ថវិកាទាំងនេះ ទទួលបានពីការបរិច្ចាគពីសំណាក់សប្បុរសជន ៣៦ ៦១៧ រូប ដែលរួមមានសមាជិកកិត្តិយស ៨ រូប, សមាជិកគាំទ្រ ៣០ ៧០៥ រូប, សប្បុរសជនផ្សេងៗ ៥ ៨៩៥ រូប, និងព្រមទាំងថវិកាបរិច្ចាគតាមហិបគោលដៅមួយចំនួនផងដែរ។
ជួសមុខឱ្យអាណាព្យាបាលទារក និងកុមារដែលធ្លាប់ទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា, មូលនិធិគន្ធបុប្ផាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពនៃការពិនិត្យ និងព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារកនៅកម្ពុជា និងសូមលើកទឹកចិត្តសប្បុរសជននានា ឱ្យចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈតំណនេះ៖
https://bit.ly/3LadoxO (តំណទៅកាន់ KH QRCODE)
https://bit.ly/3TXhBch (តំណទៅកាន់លេខគណនីធនាគារផ្សេងៗ) ៕

ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation