ឯកឧត្តម នេត្រ ភក្រ្តា បញ្ជាក់ថា រយៈពេល ១៨ខែនៅខេត្តមណ្ឌលគិរី សមត្ថកិច្ចបានបង្រ្កាបការលក់សាច់សត្វព្រៃជាង ១,៣០០គីឡូក្រាម
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងរយៈពេល ១៨ខែ ក្នុងឆ្នាំ ២០២១ និង ២០២២ ការបង្រ្កាប ការជួញដូរ សាច់សត្វព្រៃ នៅខេត្តមណ្ឌលគិរី មានចំនួន ១.៣៥៣ គីឡូក្រាម និងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២២ នៅខេត្តមណ្ឌលគិរី បានបង្រ្កាបសាច់សត្វព្រៃ បាន ២៣៥ គីឡូក្រាមផងដែរ។

នេះជាការថ្លែងបញ្ជាក់ដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ស្តីពីយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ។
ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍ថា៖ រយៈពេល១៨ខែ ក្នុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ពោលគឺ១២ខែ ក្នុងឆ្នាំ២០២១ និងរយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធរ បានបង្រ្កាបសត្វព្រៃ រហូតដល់ ១.៣៥៣ គីឡូក្រាម នៅខេត្តមណ្ឌលគិរី។ ដោយឡែក ក្នុងរយៈពេល ៦កន្លងមក នៅខេត្តមណ្ឌលគិរី ក៏បានបង្រ្កាបសាច់សត្វព្រៃ ចំនួន ២៣៥ គីឡូក្រាម ផងដែរ។
ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើង ដោយបញ្ជាក់បន្ថែមថា បើរាប់ចំនួននៃការបង្រ្កាប និងទប់ស្កាត់ អាជ្ញាធរពាក់ព័ន្ធ បានមានសកម្មភាពខ្លាំងក្លាជាងមុន។ សកម្មភាពនេះ បានធ្វើឡើង បន្ទាប់ពីការចាប់ផ្តើមអនុវត្ត នៃយុទ្ធនាការអន្ទាក់សូន្យ ដែលក្រសួងបរិស្ថាន និងដៃគូ បានដាក់ឱ្យអនុវត្ត កន្លងមក។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានអំពាវនាវឱ្យពលរដ្ឋ បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ អំពាវនាវឱ្យភោជនីយដ្ឋាន បញ្ឈប់ការលក់សាច់សត្វព្រៃ អំពាវនាវឱ្យពលរដ្ឋ ដែលចូលព្រៃសម្លាប់សត្វព្រៃ ត្រូវបញ្ឈប់បន្ទាន់។ ព្រោះថា អំពើទាំងនេះ គឺខុសនឹងច្បាប់ វាជាទង្វើដែលសង្គមមិនទទួលស្គាល់សោះឡើយ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ពលរដ្ឋកម្ពុជា បានយល់កាន់តែច្បាស់ អំពីកិច្ចការពារសត្វព្រៃ បានស្គាល់ពីតម្លៃសត្វព្រៃ ហើយស្គាល់ពីតម្លៃសត្វព្រៃ ក្នុងការទាក់ទាញវិស័យទេសចរណ៍ ដែលផ្តល់នូវចំណូល ដល់សហគមន៍ និងពលរដ្ឋកម្ពុជា មិនចេះរីងស្ងួត។
ជាមួយគ្នានេះ លោក ចាន់ រតនា អភិបាលរង នៃគណៈអភិបាល ខេត្តមណ្ឌលគិរី បានថ្លែងថា អាជ្ញាធរ បានទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃ យ៉ាងខ្លាំងក្លា ដើម្បីថែរក្សាសត្វព្រៃ នៅលើទឹកដីមណ្ឌលគិរី ឱ្យបានគង់វង្ស។ មន្រ្តីពាក់ព័ន្ធគ្រប់ផ្នែក មិនត្រឹមតែចុះទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃទេ នៅថែមទាំងថែរក្សាទីជម្រកសត្វព្រៃ យ៉ាងខ្លាំងក្លា ស្ទើរគ្រប់កន្លែងទៀតផង។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការជួញដូរសត្វព្រៃ គឺជាផ្នែកមួយ យុទ្ធនាការអន្ទាក់សូន្យ ដែលក្រសួងបរិស្ថាន និងដៃគូ បានអនុវត្តដោយជោគជ័យ ចំនួន ៦ ខេត្ត នាកន្លងមក។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន និងដៃគូទាំងអស់ ក៏កំពុងសហការគ្នា ដើម្បីស្វែងរក វិធីសាស្ត្រ ក្នុងការផ្តល់នូវជម្រើស នៃរបរចិញ្ចឹមជីវិតបន្ថែម រាប់បញ្ចូលទាំងរបរ ក្នុងវិស័យកសិកម្ម កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិ ជូនដល់សហគមន៍មូលដ្ឋាន ដែលរស់នៅក្បែរតំបន់ការពារធម្មជាតិ ហើយតែងប្រកបរបរប្រពៃណី ដូចជាការប្រមូល អនុផលព្រៃឈើ ការបរបាញ់បែបប្រពៃណី សម្រាប់យកសាច់ និងលក់ដូរមួយចំនួន ។ កិច្ចសហការនេះ ក៏ផ្តោតលើគោលបំណងកែប្រែឥរិយាបទ និងការនិយមបរិភោគសត្វព្រៃ របស់ប្រជាជនផងដែរ ដើម្បីការពារសុខភាពសាធារណៈ ពីហានិភ័យ នៃប្រភេទជំងឺឆ្លង ផ្សេងៗ ជាយថាហេតុ នៅថ្ងៃអនាគត៕




