សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យរដ្ឋមន្រ្តីកសិកម្មបញ្ជូនអ្នកបច្ចេកទេសចុះជួយប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ពូជស្រូវ បន្ទាប់ពីទឹកជំនន់ និងទឹកស្រកចុះ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជូនអ្នកបច្ចេកទេសចុះជួយប្រជាពលរដ្ឋ ដើម្បីពន្យល់ពួកគាត់អំពីការប្រើប្រាស់ពូជស្រូវ ក្នុងការសាបព្រួស និងដាំដុះឡើងវិញ នៅតាមបណ្ដាខេត្តដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ។

ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងផ្តល់ពូជស្រូវជាង៥០០ តោន ជូនប្រជាកសិករប្រមាណ ៥ ២២០ គ្រួសារ ក្នុងស្រុកចំនួនបីក្នុងខេត្តបន្ទាយមានជ័យ រួមមានស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងស្រុកភ្នំស្រុក ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងខូចខាតដំណាំស្រូវ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបញ្ចេញស្រូវពូជប្រមាណ ៧ ០០០ តោន រួចហើយ ដើម្បីចែកជូនប្រជាពលរដ្ឋ ។ ក៏ប៉ុន្តែការសាបព្រួសរបស់ប្រជាពលរដ្ឋ ប្រហែលជាខុសបច្ចេកទេស អាចថាសាបព្រួសក្រាស់ពេក អាចធ្វើឱ្យស្រូវដុះមិនបានល្អ។ សម្តេចតេជោ បានស្នើឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានការចាំបាច់ ដើម្បីធ្វើការកែសម្រួលណែនាំខាងបច្ចេកទេស សម្រាប់ការដាំដុះពាក់ព័ន្ធជាមួយនឹងការព្រួសស្រូវ ហើយសម្តេចសង្ឃឹមថារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី នឹងប្រើប្រាស់ឱកាសនេះ ដើម្បីស្រាវជ្រាវ ក្នុងការជួយដល់ប្រជាពលរដ្ឋរបស់យើងធ្វើយ៉ាងម៉េចធ្វើឱ្យការផលិតទទួលបានទិន្នផលខ្ពស់ ហើយមិនប្រើប្រាស់ពូជច្រើន។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តបន្ទាយមានជ័យ ដែលបានខិតខំជួយប្រជាពលរដ្ឋពេលជួបនូវគ្រោះទឹកជំនន់។
គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ទឹកជំនន់ឆ្នាំនេះបានធ្វើឱ្យប៉ះពាល់ផ្ទៃដីដំណាំស្រូវរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ចំនួន២២ ម៉ឺនហិកតា លើ២២រាជធានី ខេត្ត ក្នុងនោះផ្ទៃដីដំណាំ ស្រូវចំនួន១១ម៉ឺនហិកតា រងនូវការខូចខាតទាំងស្រុង គ្រាដែលផ្ទៃដីដែលអាចស្តារឡើងវិញមានចំនួន៧ម៉ឺន ហិកតា។ ខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់រួមមាន ខេត្តក្រចេះ កំពង់ធំ កំពង់ចាម សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ដំណាំស្រូវដែលរងនូវការខូចខាត ត្រូវការស្រូវពូជប្រមាណ ៧ពាន់តោន សម្រាប់ការងារស្ដារឡើងវិញជូនប្រជាពលរដ្ឋ។ រហួតមកដល់ពេលនេះ ស្រូវពូជប្រមាណ ៦ពាន់តោន ហើយត្រូវបានដឹកជញ្ជូនទៅដល់គោលដៅ និងត្រៀមចែកជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រសួងកសិកម្មក៏បានរៀបចំពូជបន្លែ ចំនួន១៨ម៉ឺន ឃីត និងចែកជូនប្រជាពលរដ្ឋបាន៨ម៉ឺនឃីតរួចរាល់ហើយ គិតត្រឹមថ្ងៃទី២២ ខែតុលាឆ្នាំ២០២២នេះ៕


ប្រភព៖ ក្រសួងព័ត៌មាន