ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្មុកល្ខោនខោលតូចៗជាច្រើន ត្រៀមដាក់ផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន

    BY Khmernote Media October 27, 2022
    ខ្មុកល្ខោនខោលតូចៗជាច្រើន ត្រៀមដាក់ផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អតីតសិស្សរបាំល្ខោន ខោលបានកែច្នៃខ្មុកល្ខោន ខោលសម្រាប់ពាក់សម្ដែង ដោយបង្រួមទៅជាខ្មុកល្ខោនខោលតូចៗ ឬហៅថាកាដូវប្បធម៌សម្រាប់ការដាក់តាំង ពិព័រណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ ដើម្បីចូលរួមថែរក្សាវប្បធម៌ខ្មែរនិងបង្ហាញទៅដល់សកល លោកឲ្យបានស្គាល់ពីអរិយ ធម៌និង វប្បធម៌ខ្មែរដ៏ល្អផូរផង់របស់ខ្មែរ។

    លោក សួន តាមីង អតីតសិស្សរបាំល្ខោនខោល និងជាស្ថាបនិកកែច្នៃខ្មុកល្ខោន ខោលសម្រាប់ពាក់សម្ដែងផលិតទៅជាកាដូវប្បធម៌ ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថាក្រុមការងារលោកកំពុងមមាញឹកផលិតខ្មុកល្ខោនខោលតូចៗជាច្រើនប្រភេទរួមមាន មុខងោះ មនុស្សមាស រាមលក្ម្សណ៍ជប់លក្ម្សណ៍ យក្សពល ហនុមាន ខុនជីប ស្វាសុគ្រីប មហាជម្ពូ ព្រះបាទទសរថ នាងសិតា និងព្រះរាម ព្រហលក្ម្សណ៍ ដែលមានទំហំ១០ទៅ១៥ សង់ទីម៉ែត្រ ដើម្បីយកទៅផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកា ដែលបណ្តាប្រទេសជាច្រើននៅលើពិភពលោកចូលរួមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

    លោកបានបន្តថា ខ្មុកល្ខោន ខោលដែលមានរូបរាងតូចៗនេះគឺសម្រាប់ដាក់តាំងលម្អដែលបានបង្រួមរូបរាងពីខ្មុកល្ខោនខោលធំៗសំរាប់ពាក់សម្តែង មកជាខ្នាតតូច ដើម្បីយកទៅធ្វើជាអំណោយវត្ថុអនុស្សាវរីយ៍ ឬហៅថា «កាដូវប្បធម៌ រឺ វត្ថុអនុស្សាវរីយ៍ វប្បធម៌» នេះ គឺមានការបណ្តុះបណ្ដាលពីលោកគ្រូដែលជាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តនៅខេត្តសៀមរាប និងជាអ្នកធ្វើខ្មុកល្ខោនខោល ជាអ្នកបង្ហាត់បង្រៀនក្នុងការផលិតនិងកែច្នៃនៃបែបបទក្នុងការធ្វើឲ្យត្រូវតាមទម្រង់របស់សិល្បៈល្ខោនខោល។ លោកបានបន្ថែមថា សម្រាប់ការផលិតនេះដែរ គឺមានផលលំបាកច្រើនដោយសារតែយើងត្រូវចំណាយពេលវេលាច្រើន ភាពអត់ធ្មត់ និងការយកចិត្តទុក ដាក់ខ្ពស់ក្នុងការផលិតឲ្យត្រូវ តាមទម្រង់បែបបទរបស់ល្ខោនខោលនាសម័យបុរាណដោយក្នុងមួយឈុតត្រូវប្រើរយៈពេលក្នុងការកែច្នៃប្រមាណជា១សប្ដាហ៍ និងមានតម្លៃចាប់ពី៦០ដុល្លារទៅ៨០ដុល្លារ។

    លោកបានបញ្ជាក់បន្ថែមថា នៅក្នុងពេលបច្ចុប្បន្ននេះដែរ លោកកំពុងមមាញឹកក្នុងការជំរុញការ ផលិតកែច្នៃខ្មុកល្ខោនខោលតូចសម្រាប់យកទៅដាក់តាំងពិព័រណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅពេលខាងមុខឲ្យបានទាន់ពេលវាលា ដើម្បីបានបង្ហាញទៅកាន់ថ្នាក់ដឹក នាំកំពូលៗដែលអញ្ជើញចូល រួមក្នុងកិច្ចប្រជុំ ឲ្យបានឃើញកាន់តែច្បាស់ពីវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់នៃសិល្បៈល្ខោនខោលរបស់ខ្មែរ។ សូមបញ្ជាក់ថា លោក សួន តាមីង បានសិក្សានិងរៀន សូត្រពីបច្ចេកទេសក្នុងការកែ ច្នៃនិងផលិតខ្មុកនេះអស់រយៈ ពេល៣ឆ្នាំមកហើយ សម្រាប់យកមកដាក់លក់តាំងលម្អធ្វើជាវត្ថុអនុស្សាវរីយ៍ ជាពិសេសគឺបានចូលរួមចំណែកថែរក្សាវប្បធម៌ខ្មែរ និងបានបង្ហាញទៅកាន់សកល លោកបានឃើញនិងយល់កាន់តែច្បាស់អំពីសិល្ប:របស់ខ្មែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: