ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងសាធារណការ បន្តស្នើឱ្យក្រុមហ៊ុនពន្លឿនការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ឱ្យបានឆាប់រួចរាល់

    BY Khmernote Media October 27, 2022
    រដ្ឋមន្ត្រីក្រសួងសាធារណការ បន្តស្នើឱ្យក្រុមហ៊ុនពន្លឿនការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ឱ្យបានឆាប់រួចរាល់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បន្តស្នើឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ផ្លូវជាតិលេខ២ និង លេខ២២ ឱ្យបានឆាប់រួចរាល់ ដើម្បីជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ដោយសង្កេតឃើញពីការយឺតយ៉ាវក្នុងការសាងសង់ផ្លូវជាតិលេខ២និងលេខ២២ ទើបថ្មីៗនេះក្រសួងបានជួប ជាមួយនឹងគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា និងពន្លឿនការអនុវត្តន៍ គម្រោងលើកកម្ពស់ផ្លូវជាតិលេខ២ និងលេខ២២ ឱ្យសម្រេចបានតាមគោលដៅដែលបានគ្រោងទុក ។

    ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួង សាធារណការ និងដឹកជញ្ជូន » នៅព្រឹកថ្ងៃទី២៧ ខែតុលា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ការសាងសង់ផ្លូវជាតិលេខ២និងលេខ២២ បើគិតតាមការគ្រោងទុក ផ្លូវនេះត្រូវធ្វើហើយនៅថ្ងៃ ទី១៥ ខែមេសា ឆ្នាំ២០២២ ប៉ុន្តែដោយសារមានបញ្ហាមួយចំនួន ដូចជាក្រុមហ៊ុនសាងសង់មិនមាន គ្រឿងចក្រនិងកម្លាំងពលកម្មគ្រប់គ្រាន់ ហើយក៏មានចំណុចខ្លះសង់ខ្វះគុណភាពផងនោះ ទើបក្រុមហ៊ុន ម៉ៅការសាងសង់ផ្លូវនេះបានសុំពន្យារពេលដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២វិញ ប៉ុន្តែរហូតមកដល់ថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២២ ការសាងសង់នៅតែមិនទាន់ចប់រួចរាល់តាមផែនការដែលបានសន្យា ទើបក្រសួង បានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះបន្ថែមទៀត ។

    « យើងខ្ញុំបានចុះទៅត្រួតពិនិត្យច្រើនលើកច្រើនសា បានណែនាំឲ្យក្រុមហ៊ុនសាងសង់ធ្វើផ្លូវនេះ តាមលក្ខណៈបច្ចេកទេសប្រើសម្ភារឲ្យបានត្រឹមត្រូវប្រើគ្រឿងចក្រឲ្យបានត្រឹមត្រូវ ប៉ុន្តែនៅតែ មិនទាន់ទទួល បានគុណភាពមួយចំនួនដែលយើងអាចទទួលបាន។ដូច្នេះនៅថ្ងៃទី៦ ខែតុលាកន្លងទៅនេះ ខ្ញុំបានជួបជា មួយ ឯកឧត្តមឯកអគ្គរដ្ឋទូតរបស់ប្រទេសកូរ៉េ និងអ្នកពាក់ព័ន្ធ ដើម្បីលើកអំពីបញ្ហាដែលយើងមាន នៅលើ ផ្លូវនេះនិងនិរន្តរភាពនីតិវិធីដោះស្រាយសាងសង់ផ្លូវនេះឲ្យទៅតាមស្តង់ដារធ្វើឲ្យបានរឹងមាំ » ។ ឯកឧត្តមក៏បានផ្តល់ អនុសាសន៍ដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវបន្តអនុវត្តការងារ និងដោះស្រាយ បញ្ហាប្រឈមដែលបានកើតឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមិនបណ្តែតបណ្តោយឱ្យបញ្ហាប្រឈម ទាំងអស់ធ្វើឱ្យជះផលប៉ះពាល់ដល់ការអនុវត្តន៍គម្រោងការងារ ដែលជាកត្តាអវិជ្ជមានធ្វើឱ្យប៉ះពាល់ដល់ការ ធ្វើដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មរបស់ពលរដ្ឋនៅតាមបណ្តោយផ្លូវនេះ ។

    សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងលេខ២២នេះ បានប្រកាសបើក ការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។ ផ្លូវជាតិលេខ ២ មានប្រវែងសរុបជាង៦២គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ ខណៈផ្លូវជាតិលេខ ២២ មានប្រវែងសរុប ជាង៩ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ៣ ។ គម្រោងស្ថាបនាផ្លូវជាតិដ៏សំខាន់នេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ៥៦ លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

    ប្រភព៖​ ក្រសួងព័ត៌មាន

    Share This Post: