ករណីតារាងបាល់ទះមួយកន្លែង ដែលត្រូវបានរដ្ឋបាលស្រុកសាមគ្គីមានជ័យឱ្យរុះរើចេញនោះ ពេលនេះដឹងច្បាស់ពីមូលហេតុហើយ
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមឆ្លើយតបជូនសាធារណៈជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Bun Thorn Lay ដែលបានបង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា៖ កុំចេះតែហ៑ាន ស្រុកខ្ញុំអញ្ចឹង តារាងបាល់ទះក៏ចាប់ដែរ អរគុណបងបងដែលអនុវត្តច្បាប់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១និង៣៦នាទី។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ បានចាត់ឱ្យក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវករណីខាងលើ។ ជាលទ្ធផល៖ ឈ្មោះ កែវ ណាវី ភេទស្រី អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរលក់ដូរ ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ ឡាយ ប៑ុនថា បានបើកតារាងបាល់ទះមួយកន្លែងមានរយៈពេលជិត០៤ខែមកហើយ មានបងប្អូនក្មេងចាស់រស់នៅក្នុងភូមិមកលេងកំសាន្ត ដោយមានការដាក់ប្រាក់ ហើយម្ចាស់តារាងទទួលបានថ្លែងតុង និងលក់ទឹកបរិសុទ្ធ ភេសជ្ជៈ។
តាមការបញ្ជាក់ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានចុះពិនិត្យតារាងបាល់ទះខាងលើ បានឱ្យដឹងថា ការលេងបាល់ទះនៅក្នុងស្រុកគឺមានច្រើនកន្លែង តែជាក់ស្ដែង តារាងបាល់ទះឈ្មោះ កែវ ណាវី មានការលេងដាក់ប្រាក់ច្រើន ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានធ្វើការអប់រំ ណែនាំឲ្យបញ្ឈប់សកម្មភាពម្ដងរួចហើយ តែគាត់នៅតែប្រព្រឹត្តដដែល។ រដ្ឋបាលស្រុកសាមគ្គីមានជ័យ ក៏មិនបានហាមឃាត់ ការលេងល្បែងកីឡាគ្រប់ប្រភេទនេះដែរ តែការហាមលេងល្បែងភ្នាល់ដាក់ប្រាក់គ្រប់ប្រភេទ ដែលនាំឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ពិសេស រដ្ឋបាលស្រុក នៅតែអនុញ្ញាឲ្យឈ្មោះ កែវ ណាវី បើកតារាងបាល់ទះជាប្រភេទល្បែងកីឡាបន្តដដែល។
អាស្រ័យហេតុនេះសូមសាធារណៈជន អ្នកសារព័ត៌មាន អ្នកលេងបណ្តាញសង្គម និងម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Bun Thorn Lay មេត្តាជ្រាបថា៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ពុំមានការហាមឃាត់ ការលេងល្បែងកីឡាគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនោះទេ គឺមានតែការលើកទឹកចិត្ត និងចលនាឲ្យចូលរួមលើវិស័យកីឡាគ្រប់ប្រភេទ ឲ្យមានការរីកចម្រើន។ ប៉ុន្តែ ការលេងដាក់ប្រាក់ ត្រូវតែហាមឃាត់ជាដាច់ខាត៕


