ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន នឹងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទ នៅថ្ងៃទី០១ ខែវិច្ឆិកា

    BY Naren October 29, 2022
    សម្ដេចតេជោ ហ៊ុន សែន នឹងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទ នៅថ្ងៃទី០១ ខែវិច្ឆិកា

    (ភ្នំពេញ) ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទ នៅថ្ងៃទី០១ ខែវិច្ឆិកា ខណៈដែលកិច្ចពិភាក្សានេះធ្វើឡើងក្នុងបរិបទកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន កំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅអំឡុងខែវិច្ឆិកាឆ្នាំ២០២២។

    ថ្លែងក្នុងពិធីផ្តល់ស្រូវពូជប្រមាណ ៦៨៤.៤០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋចំនួន ៦.៨៤៤គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើគ្មានការប្រែប្រួលអ្វីនោះទេ សម្តេចគ្រោងនឹងជួបជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី តាមទូរស័ព្ទ នៅថ្ងៃទី០១ ខែវិច្ឆិកា ដើម្បីពិភាក្សាកិច្ចការមួយចំនួនពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិក្របខ័ណ្ឌអាស៊ាន និងអ៊ុយក្រែន។

    សម្ដេចតេជោបានបញ្ជាក់ថា ដោយសារឆ្នាំនេះកម្ពុជា គឺជាប្រធានអាស៊ាន លោកប្រធានាធិបតី អ៊ុយក្រែន ក៏ចង់មានទំនាក់ទំនង ដូច្នេះបានស្នើឱ្យមានទំនាក់ទំនង ហើយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន និងអេស្ប៉ាញ អាចមកចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍នៅកម្ពុជាផងដែរ។

    សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា សម្ដេចក៏បានអញ្ជើញ លោក ពូទីន ប្រធានធិបតីរុស្ស៊ី មកចូលរួមប្រជុំអាស៊ាន នៅរាជធានីភ្នំពេញផងដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេ ។ « សូមបញ្ជាក់ជូនដែរថា ម្សិលម្ង៉ៃខ្ញុំបង្ហោះតាមហ្វេសប៊ុកថា បើគ្មានការប្រែប្រួលទេខ្ញុំនឹងជួបប្រធានាធិបតី អ៊ុយ ក្រែន នៅពេលខាងមុខ ឥឡូវបានការបញ្ជាក់ជាមួយគ្នាហើយ គឺនៅថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខ ខ្ញុំនឹងជួប ប្រធានាធិបតី អ៊ុយក្រែន ពិភាក្សាគ្នាតាមទូរស័ព្ទគ្រាន់តែបញ្ហាពេលតែប៉ុណ្ណឹងនោះទេ ខ្ញុំទុកឱ្យគាត់រើស ដោយសារយើងនិងអ៊ុយក្រែន ខុសគ្នា៤ម៉ោង។ អ៊ីចឹងទេខ្ញុំដាក់ ម៉ោង៤ល្ងាច ឬមួយម៉ោង៣ល្ងាច ព្រោះបើម៉ោង៤ល្ងាចវាត្រូវម៉ោង១២ថ្ងៃត្រង់នៅប្រទេសអ៊ុយក្រែន បើម៉ោង៣ល្ងាច វាត្រូវម៉ោង១១ថ្ងៃត្រង់នៅហ្នឹង អ៊ីចឹងយើងអាចជួបគ្នាបានពិភាក្សា។ ដោយសារឆ្នាំនេះយើងជាប្រធានអាស៊ានអ៊ីចឹងកិច្ចការ គាត់ស្នើធ្វើឱ្យមានទំនាក់ទំនង ហើយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននិងអេស្ប៉ាញ មកចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: