សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមរំលែកទុក្ខជាមួយប្រទេសកូរ៉េខាងត្បូង ចំពោះហេតុការណ៍សោកនាដកម្មរត់ជាន់គ្នា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមរំលែកទុក្ខជាមួយប្រទេសកូរ៉េខាងត្បូង ចំពោះហេតុការណ៍សោកនាដកម្មរត់ជាន់គ្នា។

នៅក្នុងសាររំលែកទុក្ខនោះបានសរសេររៀបរាប់ថា៖ “ខ្ញុំមានការសោកសៅជាខ្លាំងដែលបានទទួលព័ត៌មានអំពីឧបទ្ទវហេតុសោកនាដកម្ម នៅក្នុងខណ្ឌអ៊ីថេវ៉ុន នៃទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្ដាលឱ្យមានស្លាប់ច្រើននាក់ និងអ្នករងរបួសក៏ច្រើន។”
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់។ ខណៈដែលកម្ពុជានៅជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំសូមជូនពរឱ្យអ្នកដែលរងរបួសទាំងអស់ឆាប់បានជាសះស្បើយ៕


ប្រភព៖ ក្រសួងព័ត៌មាន