សម្តេចតេជោ បន្តអំពាវនាវប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈវ៉ាក់សាំងនៅសល់ក្នុងឃ្លាំងប្រមាណ ៨លានដូស
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តអំពាវនាវ ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីបង្កើនភាពសុំាក្នុងរាង្គកាយនិងសហគមន៍ ខណៈ វ៉ាក់សាំង នៅសល់ក្នុងឃ្លាំងប្រមាណ៨លានដូស។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវបែបនេះ ក្នុងឱកាសផ្តល់ស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋ ចំនួនជិត៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ ។ សម្តេចតេជោបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ខណៈដែលកាលពីពេលកន្លងទៅ កម្ពុជាគឺកំពុងស្ថិតនៅក្បែរជ្រោះមរណៈ ដោយគ្រាន់តែក្នុង រយៈពេលខ្លីមួយ កម្ពុជាមានអ្នកឆ្លងជាង១៣ម៉ឺននាក់ និងស្លាប់ជាង ៣ពាន់នាក់។
សម្តេចតេជោរំលឹកថា កាលពីកន្លងទៅនោះ សម្តេចបានបញ្ជាឱ្យធ្វើភ្លាមៗដូចជា ក្តារមឈូស និងប៉ាឆាសម្រាប់ការបូជា និងរកដី សម្រាប់កប់សាកសព ប៉ុន្តែដោយសារការចូលរួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអនុវត្តន៍នូវវិធានការ ៣កុំ ៣ការពារ ជាមួយនឹងការទទួលយកវ៉ាក់សាំង បានធ្វើឱ្យបើកដំណើរការប្រទេសឡើងវិញ មកដល់សព្វថ្ងៃ នេះ។
សម្តេចតេជោបន្ថែម ថា វ៉ាក់សាំងមានប្រសិទ្ធភាពការពារមិនឱ្យឈឺធ្ងន់ធ្ងរ ដែលមិនតម្រូវឱ្យសម្រាក ពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសកូវីដ-១៩ នៅតែ អាចកើតមាន។ ដូច្នេះសម្តេចតេជោ សុំអង្វរករឱ្យប្រជាពលរដ្ឋទទួលយកវ៉ាក់សាំងដូសបន្ទាប់ សម្រាប់ ប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សំាងដូសទី១និងទី២ ខណៈនៅសល់មនុស្សប្រមាណជាង៤លាននាក់ ទៀត ដែលមិនទាន់បានទទួលដូសទី៣នៅឡើយទេ។ សម្តេចបញ្ជាក់ថា កម្ពុជា មានវ៉ាក់សំាងនៅក្នុងប្រទេស គ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ខណៈវ៉ាក់សាំងមាននៅក្នុងឃ្លាំងជាង៨លានដូស បូកបន្ថែមដោយ មិត្តចិនដែលផ្តល់ឱ្យ២០លានដូស ប៉ុន្តែដឹកមកបាន៥លានដូស នៅសល់១៥លានដូសទៀត ហើយក្នុងនោះ អាមេរិកក៏បានផ្តល់ឱ្យចំនួន ៧លាន៥សែនដូស ខណៈដែលដឹកមកបាន២លានដូស ។
«អ៊ីចឹងខ្ញុំនៅតែអំពាវនាវឱ្យប្រជាជនចូលរួមក្នុងការប្រយុទ្ធនឹងកូវីដ១៩ជាបន្ត យើងមិនច្បាស់ទេថា អ្វីដែលវានឹងកើតឡើងបន្តទៅទៀត ដូចជាជំងឺអេបូឡានៅអាហ្វ្រិក ដែលបានសម្លាប់មនុស្សមួយចំនួន រួចស្រេចទៅហើយ ដូចនេះវិធានការដែលយើងប្រកាន់យកនៅទីនេះ គឺមិនដឹងថាវាក្លែងភេទទៅជាអ្វី ដែលជួនកាលជំងឺនេះវាអាចមកដល់កម្ពុជាដែរ។ អ៊ីចឹងទេ យើងត្រូវតែប្រុងប្រយ័ត្នគ្រប់ទម្រង់នៃជំងឺឆ្លង ទាំងឡាយ ដែលយើងត្រូវតែបន្តប្រយុទ្ធជាមួយវា។ ខ្ញុំពិតជាអរគុណជាមួយនឹងប្រជាពរដ្ឋដែលទទួលយកនូវវិធានការសុខាភិបាល ដែលដាក់ចេញដោយក្រសួង សុខាភិបាល និងវិធានការដែលទាក់ទិនជាមួយនឹងការទទួលយកវ៉ាក់សំាង ហើយ អំពាវវនាវឱ្យប្រជាជនបន្ត រឿងហ្នឹងតទៅទៀត ព្រោះមានតែខ្លួនយើងទេដែលអាចការពារបាន ព្រោះកូវីដមើលអត់ឃើញទេ៕ »

ប្រភព៖ ក្រសួងព័ត៌មាន