គិតត្រឹមថ្ងៃទី៣០ ខែតុលានេះ អ្នកសារព័ត៌មានចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូលអាស៊ានសរុបជាង ១ ៥០០នាក់ ក្នុងនោះអ្នកសារព័ត៌មានមកពីជប៉ុនឈរលំដាប់ទី២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ចំនួនអ្នកសារព័ត៌មានដែលបានចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សរុប ១ ៥២៥ នាក់ ដែលមកពី ៣១ ប្រទេស ក្នុងនោះអ្នកសារព័ត៌មានមកពីប្រទេសជប៉ុនឈរក្នុងលំដាប់ទី២ បន្ទាប់ពីកម្ពុជា។

នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម ផុស សុវណ្ណ ប្រភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន។
ឯកឧត្ដម ផុស សុវណ្ណ បានគូសបញ្ជាក់បន្ថែមថា សម្រាប់អ្នកសារព័ត៌មានសរុប ១ ៥២៥ នាក់ អ្នកចុះឈ្មោះបានជោគជ័យសរុបចំនួន ១ ៣៤៨ នាក់ ស្រី ៣១០នាក់ (បរទេសចំនួន ៨១៣ នាក់ ស្រី ២២៣នាក់ និងមន្ត្រីក្រសួងព័ត៌មានចំនួន ២៤៧ នាក់ ស្រី ៥៣ នាក់)។ ឯកឧត្ដមបានលើកឡើងថា ក្នុងចំណោម ៣១ ប្រទេស ចំនួនអ្នកសារព័ត៌មានដែលចុះឈ្មោះច្រើន រួមមាន កម្ពុជា ៥៣៥ នាក់, ជប៉ុន ១៦៦ នាក់, កូរ៉េខាងត្បូង ១៣៤ នាក់ និងសហរដ្ឋអាមេរិក ១០០នាក់។
ជាមួយគ្នានេះដែរ ចំពោះអ្នកសារព័ត៌មានដែលត្រូវបានបដិសេធសរុបចំនួន ៧៨ នាក់ ដែលបំពេញមិនត្រឹមត្រូវតាមលក្ខខណ្ឌដូចចែងខាងលើ (រាល់អ្នកដែលត្រូវបដិសេដ នឹងបានទទួលអ៊ីម៉ែលបញ្ជាក់ពីកំហុស ដើម្បីឱ្យកែតម្រូវ)។ ចំណែកអ្នកសារព័ត៌មានចំនួន ៩៩ រូប ក្រុមការងារមិនទាន់ពិនិត្យចុងក្រោយ(អនឡាញក្នុងស្រុកចំនួន ២៧ រូប)៕

ប្រភព៖ ក្រសួងព័ត៌មាន