ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កុំវាយតម្លៃរដ្ឋមន្ដ្រីកសិកម្មថ្មី ហើយកុំគិតថា ទាល់​តែខ្លួនមានជំនាញកសិកម្មទើបសមរម្យ

    BY Khmernote Media November 2, 2022
    សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កុំវាយតម្លៃរដ្ឋមន្ដ្រីកសិកម្មថ្មី ហើយកុំគិតថា ទាល់​តែខ្លួនមានជំនាញកសិកម្មទើបសមរម្យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា​បាន​​​រិះគន់ចំពោះអ្នកវាយប្រហារ និងរិះគន់រឿងដាក់រដ្ឋមន្រ្ដីក្រសួងកសិកម្មថ្មី​ដោយគិត​ថា​ទាល់​តែ​ជំនាញកសិកម្មទើបសមរម្យទើបធ្វើរដ្ឋមន្ត្រីបាន។

    ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច តេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំបានសង្កេតឃើញថា អ្នកខ្លះធ្វើជំនាញកសិកម្ម តែធ្វើ​រោង​ម៉ាស៊ីនកិនស្រូវជំពាក់លុយគេមិនទាន់សង់ ខ្ញុំរម្លឹកថា មន្ដ្រីកសិកម្មនៅ តាមខេត្ត​មួយ​ចំនួន មានឈ្មោះតែកសិកម្ម ប៉ុន្ដែដាំចេកមិនបានហូបផង»។ សម្ដេចតេជោបានបញ្ជាក់ថា ការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនទាមទារឱ្យមានជំនាញ​កសិកម្មនោះទេ ព្រោះជំនាញកសិកម្មមានច្រើនណាស់។ ប៉ុន្ដែអ្វីដែលទាមទារជាចាំបាច់​នោះ គឺការគ្រប់គ្រង ការចាត់ចែង និងការដាក់ចេញទិសដៅនានា។

    សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «អ្នកខ្លះនិយាយមន្ត្រីកសិកម្មម៉ា​គរគោកមិនយកធ្វើជារដ្ឋមន្ត្រីកសិកម្មទេ យកវិស្វកររ៉ែឯណាធ្វើរដ្ឋមន្ត្រីកសិកម្មវិញ។ សួរ​អ្នក​ឯងចេះកសិកម្មអស់ ឬនៅ ស្អីខ្លះ​កសិកម្ម​នោះនិយាយឱ្យច្បាស់ ថ្ងៃក្រោយប្រយ័ត្ន​ក្មេងប្រដៅ។ កសិកម្មមានច្រើន តើអ្នកចេះអស់ ឬនៅ កសិកម្មមិនមែនគ្រាន់ដាំស្រូ​វតែ​មួយ​មុខឯណា។ កសិកម្មមានទាក់ទងនឹងដំណាំនេះ ដំណាំនោះ មានទាំងកៅស៊ូ…កុំ​និយាយ​ធុននឹង ឬដោយសារភាពច្រណែន ឬស្អីបានចេញភាសាហ្នឹងមក»។

    សម្តេចតេជោក៏បានលើកឡើងពីកសិកម្មដូចជាការចិញ្ចឹមសត្វ តើចេះអស់ទេ ដូច​ជាការចិញ្ចឹមបង្កង ចិញ្ចឹមសត្វច្រើនពេញទឹកពេញដី។ ប៉ុន្ដែភាពជាអ្នកដឹកនាំអ្វីដែល​សំខាន់ គឺចេះប្រើប្រាស់មន្ដ្រីដែលក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីដាក់ចេញគោល​នយោ​បាយ ដឹកនាំធ្វើការងារឱ្យបានត្រឹមត្រូវបំផុត។ ទន្ទឹមនេះ សម្ដេចតេជោបានបញ្ជាក់​ថា សម្ដេចមិនប្រដៅចំពោះអ្នកវិភាគ ឬអ្នកលើកឡើងនោះទេតែ កុំវាយតម្លៃរដ្ឋមន្ដ្រីកសិ​កម្មថ្មី ហើយកុំគិតថា «ទាល់តែអាញ់ជំនាញកសិកម្ម ទើបសមរម្យ»។

    សម្ដេចតេជោបញ្ជាក់បន្ថែមថា៖ «អ្នកខ្លះធ្វើជំនាញកសិកម្ម ធ្វើតែរោងម៉ាស៊ីនកិន ស្រូវ​​ជំពាក់លុយគេ មិនទាន់សង ថាខ្ញុំមិនដឹង ចឹងធ្វើកសិកម្មខ្លួនឯងមិនចេះផង»។​ «ពីដើម​ខ្ញុំឧស្សាហ៍ដើរទៅតាមខេត្ត មិនមែនជាការបន្ទោស បង្អាប់មន្ដ្រីកសិកម្ម​នៅតាមខេត្តទេ ក៏ប៉ុន្ដែ​ចង់ដាស់តឿន ខ្ញុំថា ពួកអស់លោកកសិកម្ម មានឈ្មោះតែកសិកម្មទេ តែដាំចេក​មិន​ដែលឃើញបានផ្លៃស៊ី។ កន្លែងមន្ទីរមួយៗ អត់មានដើមឈើទេ អត់មានដាំបន្លែ ដាំបង្ការ អន់ជាងសាលារៀនដែលគ្រូបង្រៀន ធ្វើកន្លែងក្មេងដាំ»។

    សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការលើកឡើងនេះមិនមែនជាការបន្តុះ​បង្អាប់​មន្ត្រីនៅថ្នាក់ខេត្តទេ តែគ្រាន់តែជាការដាស់តឿនថាពួកអស់លោកអ្នកកសិកម្មធ្វើ​កសិកម្ម​គ្រាន់តែដាំចេកមិនបានចេកហូបផង។ នៅមន្ទីកសិកម្មគ្រាន់ដាំបន្លែ ឬចេកអត់​ឃើញផង ចាញ់នៅសាលារៀនផង។ សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនមែនជាកា​រ​វាយបកនោះទេ ប៉ុន្តែគ្រាន់តែថាហួសហេតុពេកថាការដូររដ្ឋមន្ត្រីកសិកម្មមិនតម្លាភាព។ តែ​ខ្ញុំគ្រាន់តែបញ្ជាក់ ខ្ញុំមិនចាំឆ្លងអ្នកទេ តែប៉ុន្មាននេះ​ក៏ជាការបំភ្លឺអ្នកមួយ​ចំនួនដែល​ទំនាស់​នឹង​ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផងដែរ»។

    ជាមួយគ្នានោះដែរសម្តេចតេជោបានអះអាងថា ទោះបីជាសម្តេចដឹកនាំ​ប្រទេស​មិនចេះស្អីផងកាលពីដើមនោះ តែការដឹកនាំល្អគឺចេះដាក់ទិសដៅគោលនយោបាយឱ្យ​ថ្នាក់​ក្រោមធ្វើតាម ហើយទទួលបានលទ្ធផល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: