កម្ពុជាត្រៀមបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេសបោសសំអាតមីន ទៅបណ្ដោះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន នៅដើមខែធ្នូ ឆ្នាំ២០២២នេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ក្រោយពីបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាលរួចមក អង្គភាពស៊ីម៉ាក់បានសហការយ៉ាងជិតសិ្នទ្ធជាមួយមិត្តជប៉ុនក្នុងការបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីន ដើម្បីជួយផ្តល់ការហ្វឹកហ្វឺនជូនអ្នកដោះមីនអ៊ុយក្រែន។

សូមបញ្ជាក់ថាក្រោយមានគោលការណ៍នេះអង្គភាពស៊ីម៉ាក់និងភាគីជប៉ុនបានដំណើរការពិភាក្សាគ្នាយ៉ាងមមាញឹកបំផុត។ ជាផែនការក្រុមដំបូងអាចចេញដំណើរនៅដើមខែធ្នូ ឆ្នាំ២០២២នេះ និងក្រុមទី២អាចបំពេញបេសកកម្មនេះនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។
អង្គភាពស៊ីម៉ាកមានមោទកភាពចំពោះបេសកកម្មនេះ ដែលមិនត្រឹមតែបានចូលរួមចំណែកជួយប្រជាជនអ៊ុយក្រែនរំដោះខ្លួនពីការស្លាប់ រងរបួស ដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមប៉ុណ្ណោះទេ បន្ថែមលើសនេះបេសសកម្មនេះ ក៏ជាការចូលរួមលើកកម្ពស់មោទកភាពជាតិក្រោមការដឹកនាំដ៏ប៉ិនប្រសព្វនិងគតិបណ្ឌិតរបស់សម្តេចតេជោ ដែលបានប្រែក្លាយប្រទេសជាតិនិងប្រជាជនឱ្យរួចផុតពីភ្លក់សង្គ្រាមជាច្រើនសទវត្សក្នុងព្រះរាជាណាចក្រនេះ ស្គាល់នូវសន្តិភាពដ៏ពេញលេញពិតប្រាកដមួយសំរាប់កម្ពុជា ដោយបានលើកកិតិ្តយសជាតិឱ្យស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ ៕







ប្រភព៖ HENG Ratana