សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសខេត្តព្រះសីហនុ ត្រូវតែបោសម្អាតក្រុមជួញដូរមនុស្សឱ្យខានតែបាន កុំឱ្យកម្ពុជាក្លាយជាប្រទេសគ្រប់គ្រងដោយពួកម៉ាហ្វីយ៉ា (មានវិដេអូ)
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បន្តណែនាំដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសអជ្ញាធរខេត្តព្រះសីហនុ ត្រូវតែបោសសម្អាតក្រុមឧក្រិដ្ឋជនជួញដូរមនុស្សឱ្យខានតែបាន ដើម្បីកុំឱ្យកម្ពុជាក្លាយជាប្រទេសគ្រប់គ្រង់ដោយពួក ម៉ាហ្វីយ៉ា (Mafia)។

នេះបើយោងតាមការ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ១ខ្នង ២ជាន់ ១២បន្ទប់ ស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាន៍ថា៖ “សូមអំពាវនាវអ្នកពាក់ព័ន្ធទាំងអស់ ពិសេសអ្នកដែលពាក់ព័ន្ធនឹងអ្នកដែលត្រូវបានគេជួញដូរ បន្តប្ដឹងមកសមត្ថកិច្ច មកហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីយើងខ្ញុំមានព័ត៌មានជាក់លាក់ជួយសង្គ្រោះបានទាន់ពេលវេលា រកជនដៃដល់ មេខ្លោងជួញដូរមនុស្សនេះ យកមកផ្ដន្ទាទោសតាមច្បាប់។ ហើយក៏សូមឱ្យអាជ្ញាធរដែលពាក់ព័ន្ធ ជាពិសេសខេត្តព្រះសីហនុ មកទល់នឹងពេលនេះ មិនទាន់ចប់ទេ ខេត្តព្រះសីនុនូវមានកាតព្វកិច្ច និងកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដោយត្រូវបន្តបោសសម្អាតធ្វើម៉េចឱ្យខេត្តព្រះសីហនុមួយនេះវាស្អាត ព្រោះយើងបានវិនិយោគធំណាស់ក្នុងខេត្តព្រះសីហនុ អ៊ីចឹងរដ្ឋបាលខេត្តព្រះសីហនុ ត្រូវទទួលខុសត្រូវ ការពារការវិនិយោគរបស់រាជរដ្ឋាភិបាល ដើម្បីទាក់ទាញការវិនិយោគពីបរទេស ទាក់ទាញទេសចរណ៍ត្រឹមត្រូវ ហើយរកចំណូលមកអភិវឌ្ឍន៍ក្នុងព្រះរាជាណាចក្រកម្ពុជា មិនមែនសម្រាប់តែនៅខេត្តមួយទេ។”
សម្ដេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា៖ “អ៊ឹចឹងហើយ យើងត្រូវតែដឹងពីទទួលនាទី ភារកិច្ចរបស់យើងឱ្យបានច្បាស់ទាក់ទងនឹងបញ្ហានេះ ត្រូវពង្រឹងការទទួលខុសត្រូវតទៅទៀត ឥឡូវនេះធ្វើបានប៉ុណ្ណឹងហើយ បើយ៉ាងហោចណាស់កុំឱ្យវារាលត្រឡប់ទៅក្រោយវិញ បើករណីមានការរាលដាលឡើងវិញ ចៅហ្វាយខេត្តត្រូវទទួលខុសត្រូវមុនគេ ហើយត្រូវមានឆន្ទៈធ្វើឱ្យបានម៉ត់ចត់ ពិតប្រាកដ មិនមែនធ្វើលំៗសើៗនោះទេ។ ”
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ឱ្យដឹងថាទៀតថា៖ “ក្រុមហ៊ុនណាដែលប្រើមនុស្សដោយខុសច្បាប់ ក្រុមហ៊ុននោះឯងត្រូវទទួលខុសត្រូវ ដើម្បីនឹងចេញលុយកាក ដឹកជញ្ជូនឱ្យជនបរទេសនោះត្រឡប់ទៅស្រុកកំណើតគេវិញ មិនមែនថវិការបស់រដ្ឋទេ ហើយក្រុមហ៊ុននឹងត្រូវទទួលខុសត្រូវ ក្នុងការរំលោភ ប្រសិនបើមានរំលោភសិទ្ធមនុស្សពាក់ព័ន្ធជាមួយការជួញដូរ។ល។ ត្រូវបន្តធ្វើការងារនេះ មិនអាចបន្ធូរដៃបានទេ ដើម្បីទប់ស្កាត់កុំឱ្យកម្ពុជាយើង ជាប្រទេសដែលគ្រប់គ្រងដោយពួក ម៉ាហ្វីយ៉ា (Mafia)នេះជាបញ្ហា ៕ ”