អគារក្រសួងមហាផ្ទៃថ្មីតម្លៃប្រមាណ ៦០លានដុល្លារអាម៉េរិកសាងសង់បាន៦០ភាគរយហើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អគារថ្មីក្រសួងមហាផ្ទៃ ដែលជាសំណង់សារធាណៈមួយស្ថិតលើកក្នុងបរិវេណក្រសួងមហាផ្ទៃដដែល បានសាងសង់សម្រេចបាន៦០ភាគរយហើយ ដោយចំណាយថវិការប្រមាណ ៦០លានដុល្លារអាម៉េរិក។

នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពនៃដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ។
អញ្ជើញអមដំណើរសម្ដេចក្រឡាហោម នាឱកាសនោះដែរ រួមមាន៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងតំណាងក្រុមហ៊ុនសាងសង់ ជាច្រើនរូបទៀត។
អគារទីស្តីការថ្មីនេះ សាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយគ្រោងចំណាយ ប្រមាណ ៦០លានដុល្លារអាម៉េរិក។
បន្ទាប់ពីដំណើរការសាងសង់បានប្រមាណ១ឆ្នាំ ពេលនេះសម្រេចបាន៦០ភាគរយហើយ ។ អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង ។ ជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញមានបុស្បបុកចំនួនប្រាំ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា ។
សូមជម្រាបថា នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ-កម្មការិនី កាលពីពេលកន្លងមក សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងសាងសង់អគារ ប្រកបដោយការទទួលខុសត្រូវ ពិសេសគឺបានសាងសង់លឿនជាងផែនការ និងប្រកបដោយគុណភាព។
សម្ដេចក្រឡហោម ស ខេង មានប្រសាសន៍ថា «ខ្ញុំសូមកោតសរសើយ៉ាងខ្លាំងចំពោះក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលបានប្រឹងប្រែងបំពេញការងារដែលមិនមែនត្រឹមតែបម្រើផលប្រយោជន៍ក្រុមហ៊ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែបានគិតដល់ផលប្រយោជន៍ជាតិរបស់យើង ព្រោះសំណង់អគារថ្មីនេះគឺជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងបច្ចុប្បន្ន និងទៅអនាគត »៕






ប្រភព៖ ក្រសួងព័ត៌មាន