អ្នកសារព័ត៌មានជាតិ-អន្ដជាតិប្រមាណ ១៧០០នាក់បានចុះឈ្មោះចូលរួមយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា អ្នកសារព័ត៌មានជាតិ- អន្ដជាតិ ប្រហែល១៦៥០ នាក់បានចុះឈ្មោះចូលរួមយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីមានសិទ្ធិក្នុងការចុះយកព័ត៌មានផ្សព្វផ្សាយជូនសាធារណជន។

នៅក្នុងឱកាសអញ្ជើញត្រួត ពិនិត្យមជ្ឈមណ្ឌលព័ត៌មាន នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលនឹងត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ បានមានប្រសាសន៍ថា ក្រសួងព័ត៌មានកំពុងតែមមាញឹកក្នុងការរៀបចំមជ្ឈមណ្ឌលព័ត៌មាន និងចុះឈ្មោះអ្នកសារព័ត៌មាន ដើម្បីទទួលអ្នកសារព័ត៌មានជាតិនិងអ្នកសារព័ត៌មានមកពីបណ្ដាប្រទេសទាំងអស់។ ឯកឧត្តមបញ្ជាក់ថា ដំណើរការរៀបចំមជ្ឈមណ្ឌលព័ត៌មាន និងចុះឈ្មោះអ្នកសារព័ត៌មាន គឺមានដំណើរការរលូនដោយគ្រោងនឹងរៀបចំឱ្យហើយនៅថ្ងៃទី៧ ខែវិច្ឆិកានេះ ដើម្បីអាចដាក់ដំណើរការចាប់ផ្ដើមពីថ្ងៃទី៨រហូតតទៅ។
សំឡេង៖ «មកដល់ថ្ងៃនេះយើងគិតថាអ្នកសារព័ត៌មានដែលបានចុះឈ្មោះទាំងអស់មានចំនួនប្រហែលជា ១៥០០នាក់ហើយបើតាមតួលេខ ប៉ុន្តែដោយសារនៅសល់ចំនួនដែលមន្ត្រីបម្រើការងារគឺនៅមានបញ្ហាប្រឈមដោយសារតែអ្នកសារព័ត៌មានច្រើន យើងនឹងទទួលបន្ថែមសម្រាប់អ្នកពាក់ព័ន្ធ ដូចជាអង្គភាពរដ្ឋជាមន្ត្រីរបស់ក្រសួងព័ត៌មាន ក៏ដូចជាមន្ត្រីទទក AKP បន្ថែមជាមួយបន្តិចបន្ទួចទៀត។ អ៊ីចឹងចំនួនអាចឡើងទៅដល់ទៅខ្ទង់រង្វង់ ១៦៥០នាក់ មានមន្ដ្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានបរទេស ដោយក្នុងនោះមានចំនួន៨៥០នាក់ហើយដែលបានចុះឈ្មោះ»។
ឯកឧត្តម បានបញ្ជាក់ទៀតថា ដើម្បីឱ្យដំណើរការរលូន មានរបៀបរៀបរយ អ្នកសារព័ត៌មានត្រូវអនុវត្តន៍ឱ្យបានគឺ ទី១. អ្នកសារព័ត៌មានត្រូវចុះឈ្មោះឱ្យបានត្រឹមត្រូវពីក្រសួងព័ត៌មាន ឬក្នុងវេបសាយផ្លូវការសម្រាប់អ្នកសារព័ត៌មាន និងទី២ នៅថ្ងៃនៃកិច្ចប្រជុំត្រូវធ្វើតេស្តរហ័សរកកូវីដផងដែរ៕


