ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ

    BY Khmernote Media November 5, 2022
    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣  ខែវិច្ឆិកាខាងមុខនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។

    រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងឱ្យបានជ្រាបថា ក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាត្រូវធ្វើជាប្រធានប្តូរវេនអាស៊ាន ដោយកន្លងមកបានរៀបកិច្ចប្រជុំ ជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ ហើយជាពិសេសក្នុងអំឡុងខែវិច្ឆិកានេះនឹងត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាពេលខាងមុខ។

    ក្នុងកិច្ចដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ានខាងលើនឹងមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ដូចនេះដើម្បីឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមបណ្តាវិថីសំខាន់ៗមួយចំនួនក្នុងអំឡុងពេលគណៈប្រតិភូជាន់ខ្ពស់ ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តាមកាលបរិច្ឆេទខាងលើនេះ តាមតម្រាយ ផ្លូវដូចខាងក្រោម៖

    ១- ចំពោះយានយន្តដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបង្វែរទិស ចរាចរណ៍ត្រង់ចំណុចស្ពានអាកាសចោមចៅឆ្ពោះទៅមហាវិថីចោមចៅ។

    ២ ចំពោះយានយន្តដែលធ្វើដំណើរចេញ-ចូលមហាវិថីព្រះនរោត្តម ត្រូវបង្វែរទិសចរាចរណ៍តាម ផ្លូវលេខ៦៣ និងតីរវិថីព្រះស៊ីសុវត្ថិ។

    ៣- ចំពោះយានយន្តដែលធ្វើដំណើរចេញ-ចូលមហាវិថីព្រះមុនីវង្ស ត្រូវបង្វែរទិសចរាចរណ៍ត្រង់ ចំណុចច្រមុះជ្រូកក្បាលថ្នល់ឆ្ពោះទៅមហាវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១) និង ត្រង់រង្វង់មូលកួចកាណុងត្រូវបង្វែរទៅវិថីឧកញ៉ា ឃ្លាំងមឿង(ផ្លូវលេខ៧០)។

    ៤- ចំពោះយានយន្តដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦ ត្រូវបង្វែរទិសចរាចរណ៍ តាមមហាវិថីឈ្នះឈ្នះ។ ករណីយានយន្តស្ថិតនៅក្នុងតំបន់ជ្រោយចង្វារត្រូវបង្វែរចរាចរណ៍តាម រង្វង់មូលនាងទេពមច្ឆាឆ្លងតាមស្ពានបេឡេចូលរាជធានីភ្នំពេញ។

    ៥- ចំពោះយានយន្តដែលធ្វើដំណើរលើវិថីឧកញ៉ា ឃ្លាំងមឿង (ផ្លូវលេខ៧០) ក្នុងទិសដៅទៅរង្វង់ មូលកួចកាណុងត្រូវបង្វែរទិសចរាចរណ៍ចូលតាមមហាវិថីស៊ីធីសេនធ័រ(ផ្លូវលេខ១៦៩តំបន់ បឹងកក់) និងផ្លូវបេតុងផ្សារសំហាន់ឆ្ពោះទៅផ្លូវលេខ៥៩៨។

    ៦- ចំពោះសាឡាងដឹកខ្សាច់ និងទូកទេសចរណ៍ពុំអនុញ្ញាតឱ្យចរាចរតាមដងទន្លេសាប និងទន្លេមេគង្គលើ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

    ៧- ចំពោះកំពង់ចម្លងសុខាមករាជធានីភ្នំពេញត្រូវបានផ្អាកដំណើរការទាំងស្រុង ក្នុងអំឡុងពេលកិច្ចប្រជុំ ខាងលើ។ ដោយឡែកចំពោះកំពង់ចម្លងអរិយក្សត្រអនុញ្ញាតឱ្យដំណើរការធម្មតា តែទីតាំងកំពង់ ចម្លងផ្នែកខាងលិចត្រូវប្ដូរទៅចត និងឡើងនៅកំពង់ចម្លងខាងកោះពេជ្រវិញ។

    ៨- ហាមដាច់ខាតការបង្ហោះខ្លែង និងឧបករណ៍ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជ (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសតាមផ្លូវហោះហើររបស់យន្តហោះ ៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post: