ដឹងអត្តសញ្ញាណជនសង្ស័យ ដែលបន្លំខ្លួនជាអ្នកទិញរថយន្ត រួចឡើងរថយន្តបញ្ឆេះបើករត់គេចខ្លួន
(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ដែលលួចរថយន្តគេ ដោយបន្លំខ្លួនជាអ្នកទិញរថយន្ត រួចឡើងរថយន្តបញ្ឆេះបើករត់គេចខ្លួន កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានយករថយន្តមកប្លុងទុកចោលនៅចំណុចមុខផ្ទះលេខ១ ផ្លូវលេខ៥៩០ ក្រុម៤៨ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ជនសង្ស័យឈ្មោះ គង់ គឹមសេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានអាសយដ្ឋានផ្ទះលេខB២០១ ភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបន្លំខ្លួនជាអ្នកទិញរថយន្ត រួចឡើងរថយន្តបញ្ឆេះបើករត់គេចខ្លួនបាត់ និងបានយករថយន្តមកប្លុងទុកចោលនៅចំណុចមុខផ្ទះលេខ១ ផ្លូវលេខ៥៩០ ក្រុម៤៨ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ សមត្ថកិច្ចបន្តថា ជនសង្ស័យបានធ្វើសកម្មភាពនៅចំណុចហាងលក់រថយន្តមេគង់ ដីឡូតិ៍លេខ៨៩ ផ្លូវលេខ២៧១ ក្រុម២៣ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១នឹង៣១នាទី។
ជនរងគ្រោះ ឈ្មោះ ទន់ វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់រថយន្ត ស្នាក់នៅផ្ទះលេខ២១E0 ផ្លូវលេខ២៨៦ ភូមិ២ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។ សមត្ថកិច្ចដកហូតវត្ថុតាង រថយន្ត ០១គ្រឿង ម៉ាក Pruis ពណ៌ស ស៊េរី២០១៧ គ្មានស្លាកលេខ មានលេខតួ ៣០៣៣៣៥៩ និងលេខម៉ាស៊ីន ៦៩១៣៥៧៥, កាំបិតប៉័ងតោដងឈើ ចំនួន០១ទុកនៅលើកៅអី។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានកំពុងស្រាវជ្រាវរកជនសង្ស័យ ចំណែករថយន្តបានប្រគល់ឱ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ៕



ប្រភព និងរូបភាព៖ នគរបាលជាតិ