ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វៀតណាម យល់ព្រមដោះស្រាយបញ្ហាកកស្ទះនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ

    BY Khmernote Media November 10, 2022
    វៀតណាម យល់ព្រមដោះស្រាយបញ្ហាកកស្ទះនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា វៀតណាមបានយល់ព្រមដោះស្រាយបញ្ហាកកស្ទះនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញនៃប្រទេសទាំងពីរ។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្ដម Nguyen Van Thang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីស្តីការក្រសួង។

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា វិស័យហេដ្ឋារចនាសម្ព័ន្ធ ដើរតួយ៉ាងសំខាន់ក្នុងការ លើកកម្ពស់សេដ្ឋកិច្ចជាតិ ហើយសព្វថ្ងៃនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជា សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរួមមានដូចជា ការលើកកម្ពស់គុណភាពផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាបេតុងកៅស៊ូ(AC) ការអភិវឌ្ឍ វិស័យកំពង់ផែ ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក គម្រោងស្ថាបនាផ្លូវ ល្បឿន លឿន និងការដឹកជញ្ជូនតាមផ្លូវទឹក។

    ឯកឧត្ដមរដ្ឋមន្ត្រី Nguyen Van Thang បានបង្ហាញនូវការយល់ស្របចំពោះការលើកឡើង ខាងលើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងបានបន្ថែមថា វិស័យហេដ្ឋារចនាសម្ព័ន្ធ មិនត្រឹមតែ ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែក ក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរ ជាក់ស្តែងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនេះស្រាប់ ហើយរដ្ឋាភិបាល ក៏ដូចជាក្រសួងដឹកជញ្ជូន នៃប្រទេសវៀតណាម បាននិងកំពុងដាក់ទុន វិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ដូចជា គម្រោងផ្លូវល្បឿនលឿន គម្រោងពង្រីកវិសាលភាពអាកាសយានដ្ឋានអន្តរជាតិ នៅទីក្រុងហាណូយ និងហូជីមិញ ក៏ដូចជាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ឡុងថាញ់ ផងដែរ។

    ភាគីទាំងពីរ បានបន្តពិភាក្សាទៅលើចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន រួមមាន៖

    ១).ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន

    ២). ការងារច្រកទ្វារព្រំដែន អន្តរជាតិ

    ៣).ការងារតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ

    ៤).ការងារតភ្ជាប់ផ្លូវដែក បាត់ដឹង-ត្រពាំងស្រែ-ឡុកនីញ-ហូជីមិញ ដែលជាចំណែកមួយ នៃខ្សែផ្លូវដែកសិង្ហបុរី-គុនមីង (SKRL) និងការសិក្សាខ្សែផ្លូវដែកថ្មីតភ្ជាប់ភ្នំពេញ-ហូជីមិញ ដោយកាត់តាមបាវិត-ម៉ុកបៃ។

    និង ៥).ការងារដឹកជញ្ជូនតាមផ្លូវទឹក ភាគីកម្ពុជាបានស្នើ ឱ្យភាគីវៀតណាម ពិនិត្យ និងសម្រួលលើបញ្ហានីតិវិធីនៃរំហូរឯកសារឆ្លងកាត់ ព្រំដែន នៃប្រទេសទាំងពីរ នៅចំណុចច្រកទ្វារព្រំដែនក្អមសំណ(កម្ពុជា) ហើយជាលទ្ធផល ភាគីវៀតណាមបានយល់ព្រមសម្រួលការងារនេះ ជាមួយអាជ្ញាធរគយរបស់ខ្លួន ឱ្យបានឆាប់បំផុត។

    ជំនួបនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ប្រកបដោយមិត្តភាព និងមេត្រីភាព ហើយជាទីបញ្ចប់ ភាគីទាំងពីរបានបង្ហាញសុឆន្ទៈក្នុងការជំរុញគម្រោងនានា ដែលបានលើកយកមកពិភាក្សាខាងលើ ឱ្យសម្រេចបានលទ្ធផល ចេញជារូបរាង នាពេលខាងមុខឆាប់ៗ និងបានប្តេជ្ញាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួង និងក្រសួង ក៏ដូចជារវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: