ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋាននៅឆ្នាំ២០២៣ គ្រោងចំណាយថវិកាសាងសង់ ១៦៣៨លានដុល្លារ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា៖ ផ្លូវល្បឿនលឿននេះមានចំងាយ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា ៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណ ១ ៦៣៨លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ តែប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿន ក្រុងព្រះសីហនុផងដែរ ផ្លូវនេះគ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ឱ្យចប់រួចរាល់ដំណាលនឹងផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកម៉ុកបៃ ដើម្បីធ្វើការតភ្ជាប់ជាមួយផ្លូវល្បឿនលឿនរបស់កម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តទៀតថា៖ ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ ដែលកម្ពុជាកំពុងតែចាប់ផ្តើមពង្រីកពី ២គន្លង ទៅ៤គន្លង ពីក្រុងប៉ោយប៉ែត មកភ្នំពេញ និងតភ្ជាប់ពីភ្នំពេញទៅបាវិត តាមផ្លូវល្បឿនលឿនខ្សែទី២នេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទំនិញ និងអ្នកដំណើរតាំងពីចិន រហូតដល់វៀតណាម អាចឆ្លងកាត់បាន ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT