ឯកឧត្តម ឃួង ស្រេង៖ កិច្ចប្រជុំកំពូលអាស៊ាន នឹងរុញច្រានកម្ពុជា ឱ្យមានឈ្មោះបោះសំឡេង កាន់តែខ្លាំងនៅលើឆាកអន្ដរជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន នឹងរុញច្រានកម្ពុជា ឱ្យមានឈ្មោះបោះសំឡេងកាន់តែខ្លាំងនៅលើឆាកអន្ដរជាតិ និងទាក់ ទាញអ្នកវិនិយោគទុនបរទេស កាន់តែច្រើនមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាទ្វេដង។

ឯកឧត្តមបន្តថា នេះក៏ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ផ្តើមចេញពីសុខសន្តិភាពពេញផ្ទៃប្រទេស បានផ្តល់ឱ កាសមាសក្នុងដំណើរការអភិវឌ្ឍទូទាំងប្រទេស ជាលើកដំបូងក្នុងរយៈពេលជាង២ទស្សវត្សរ៍ កន្លងទៅ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពធ្វើឱ្យជម្លោះ បានទម្លាក់អាវុធចុះ និងរួមរស់ក្នុងមហាគ្រួសារខ្មែរ ក្រោមដំបូល ព្រះមហាក្សត្សតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងរាជរដ្ឋាភិបាលតែមួយ។ ឯកឧត្តមបានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីពង្រឹង សន្ដិសុខ សុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។
ផ្តើមចេញពីកត្តាសន្តិភាពនេះហើយ ទើបកម្ពុជាមានឱ្យកាសអភិវឌ្ឍន៍ ដោយប្រែក្លាយ ពីសំឡេងអាវុធមកសំឡេងសូត្រធម៌ និងសំណើចក្អាកក្អាយរបស់ប្រជាពលរដ្ឋ និងសិស្សា នុសិស្ស។ កម្ពុជាមានឈ្មោះបោះសំឡេង និងកំពុងបោះជំហ៊ានយ៉ាងលឿនចូលក្នុងរបទថ្មី ទាំងលើឆាកជាតិ និងអន្តរជាតិធ្វើឱ្យកម្ពុជាស្មើមុខស្មើមាត់លើឆាកតំបន់ និងអន្តរជាតិ ផងដែរ។ ព្រឹត្តិការណ៍លេចធ្លោ ដែលជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិនាពេលនេះ គឺកម្ពុជា បានធ្វើជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ គឺកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី១០ ដល់ ថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាននេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្រោមការដឹកនាំផ្ទាល់ ពីឯកឧត្តម ឃួង ស្រេង សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធបានខិតខំ ប្រឹងប្រែងយ៉ាងពេញទំហឹង លើការ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ដើម្បីការពារសន្តិសុខ ជូនប្រតិភូដែលមានប្រមាណ២៨ប្រទេស និងដៃគូសន្ទនា បានអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំនេះជាបន្តបន្ទាប់។ ក្រៅពីការ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវ រដ្ឋបាល រាជធានីភ្នំពេញ នៅបានរៀបចំកែលម្អសោភ័ណភាព បរិស្ថាន សួនច្បារ ហេដ្ឋារចនា សម្ព័ន្ធទូទាំងរាជធានីភ្នំពេញ ឱ្យមានសម្រស់ស្រស់បំព្រងថែមទៀត ដើម្បីចូលរួមលើក កម្ពស់មុខមាត់ប្រទេសជាតិ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ដំណាក់កាលចុងក្រោយនេះ រាជធានីភ្នំពេញទទួលបានការកោតសរសើរ ពីគណៈប្រតិភូ, វិនិយោគិន និងភ្ញៀវទេសចរ ដែលបានមកដល់រាជធានីភ្នំពេញ និងបានឃើញដំណើរការអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញ យ៉ាងឆាប់រហ័សនឹកស្មានមិនដល់។ កិច្ចប្រជុំកំពូលអាស៊ាន បានធ្វើឱ្យកម្ពុជាកាន់ តែមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ។ កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គលេខាធិការ អង្គការសហប្រជាជាតិផងដែរ ដែលជាកិត្តិយសដ៏ធំធេងបំផុតសម្រាប់កម្ពុជាធ្វើ ជាប្រធានអាស៊ាននៅឆ្នាំនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាចំណុចខ្ពស់បំផុត។
ទន្ទឹមគ្នានេះ រាល់ការប្រមូលផ្តុំណាមួយនៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួន ប្រតិភូឆ្លងកាត់ ឬការតវ៉ាណាមួយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិ គឺមិនត្រូវឱ្យកើតមានដាច់ខាត។ អាជ្ញាធររាជធានីភ្នំពេញ និងប្រជាពលរដ្ឋរាជធានីភ្នំពេញ មានកាតព្វកិច្ចចូលរួមលើកសោភ័ណភាព បរិស្ថាន និងផ្តល់កិត្តិយស មុខមាត់ សម្រាប់រាជ ធានីភ្នំពេញ ក៏ដូចប្រទេសជាតិយើងទាំងមូល៕

ប្រភព៖ ក្រសួងព័ត៌មាន