ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-អ៊ុយក្រែន ឯកភាពតែងតាំងផ្លាស់ប្តូរ ឯកអគ្គរាជទូត/រដ្ឋទូត ទៅវិញទៅមកក្នុងពេលឆាប់ៗ

    BY Naren November 11, 2022
    កម្ពុជា-អ៊ុយក្រែន ឯកភាពតែងតាំងផ្លាស់ប្តូរ ឯកអគ្គរាជទូត/រដ្ឋទូត ទៅវិញទៅមកក្នុងពេលឆាប់ៗ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការ អន្តរជាតិបានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរអ៊ុយក្រែន ដែលបានចូលជាសមាជិក នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងអំឡុងពេល នៃជំនួបទ្វេភាគីជាមួយឯកឧត្តម ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅភ្នំពេញ។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរម្លឹកពីកិច្ចពិភាក្សាតាមប្រព័ន្ធទូរស័ព្ទ ប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ូឡូឌីមៀ ហ្សេលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីនូវជំហរជាគោល ការណ៍របស់កម្ពុជា ចំពោះសង្គ្រាមនៅអ៊ុយក្រែន និងសង្ឃឹមថា ដំណោះស្រាយដោយសន្តិភាពដើម្បី បញ្ចប់សង្រ្គាមនេះ នឹងអាចកើតមានក្នុងពេលឆាប់ៗ ដើម្បីអ៊ុយក្រែនទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការត្រៀមខ្លួន របស់កម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយសហការជាមួយប្រទេស ជប៉ុនផងដែរ។

    ក្នុងជំនួបនោះដែរឯកឧត្តម ឌីមីត្រូ គូលេបា បានអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះ ភាពជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងជូនពរកម្ពុជាទទួលជោគជ័យក្នុង ការរៀបចំកិច្ច ប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

    ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីការបទេសអ៊ុយក្រែន បានអរគុណកម្ពុជា យ៉ាងជ្រាលជ្រៅចំពោះការប្រកាន់យកជំហរប្រកបដោយគោលការណ៍ ចំពោះសង្គ្រាមនៅ អ៊ុយក្រែន ភាពសប្បុរសក្នុងការជួយអ្នកដោះមីនរបស់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាដែលអាចធ្វើឱ្យអ៊ុយក្រែន ចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

    ក្នុងជំនួបនោះដែរ ឯកឧត្តរដ្ឋមន្រ្តីទាំងពីរ បានកត់សម្គាល់អំពីកំណើន នៃទំនាក់ទំនងជាមិត្តភាព កម្ពុជា-អ៊ុយក្រែន ដែលបានឆ្លុះបញ្ចាំងតាមរយៈជំនួបកម្រិតខ្ពស់ សំខាន់ៗនាពេលថ្មីៗនេះការឯកភាពគ្នាលើការតែងតាំង និងផ្លាស់ប្តូរឯក-អគ្គរាជទូត/រដ្ឋទូត ទៅវិញទៅមកក្នុងពេលឆាប់ៗ និងការព្រមព្រៀងក្នុងការបង្កើតឱ្យមានកិច្ចពិគ្រោះយោបល់ ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ៕ ប្រភព៖ AKP

    Share This Post: