ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបជនជាតិចិន-ម៉ាឡេស៊ីចំនួន ៦នាក់ ករណីបង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់១ម៉ឺន ៥ពាន់ដុល្លារ

    BY Khmernote Media November 12, 2022
    បង្ក្រាបជនជាតិចិន-ម៉ាឡេស៊ីចំនួន ៦នាក់ ករណីបង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់១ម៉ឺន ៥ពាន់ដុល្លារ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ នៅថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកោះកុង លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទដឹកនាំកម្លាំងអន្តរាគមន៍ក្រុង សហការជាមួយកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋានគរបាលខេត្ត ដោយមានការសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង។

    នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២១៖០០នាទី បានចុះបង្ក្រាបបទល្មើសជាក់ស្តែងករណីបង្ខាំងមនុស្សខុសច្បាប់និងជម្រិតទារប្រាក់ តាមពាក្យបណ្តឹងរបស់ឈ្មោះ Ong Tun Chyian ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ី បានប្តឹងមកសមត្ថកិច្ចថាមានករណីបង្ខាំងប្រពន្ធរបស់ខ្លួនដែលមានឈ្មោះ លីលី ពីង (LEE LEE PING) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិម៉ាឡេស៊ី ដោយជនជាតិចិន និងជនជាតិម៉ាឡេស៊ីបានបង្ខាំងប្រពន្ធរបស់ខ្លួនតាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ និងគម្រាមទារប្រាក់ចំនួនមួយម៉ឺនប្រាំពាន់ដុល្លារ(១៥,០០០$) ។ ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាមសមត្ថកិច្ចបានចុះបង្រ្កាប និងធ្វើការឃាត់ខ្លួននៅចំនុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

    ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ មានឈ្មោះដូចខាងក្រោម៖
    ១.ឈ្មោះ Deng Chentao ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន
    ២.ឈ្មោះ Yoo Shu Xin ភេទស្រី អាយុ២៧ឆ្នាំ សញ្ជាតិម៉ាឡេស៊ី
    ៣.ឈ្មោះ Lim Mun Hong ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិម៉ាឡេស៊ី
    ៤.ឈ្មោះ Zhang Manning ភេទស្រី អាយុ២៩ឆ្នាំ សញ្ជាតិចិន
    ៥.ឈ្មោះ Luo Liangliang ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិចិន
    ៦.ឈ្មោះ Huang Shikun ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាតិចិន។

    ជនសង្ស័យទាំង ០៦នាក់ខាងលើត្រូវបានផ្នែកគ្រប់គ្រងជនបរទេសក្រុង និងផ្នែកនគរបាលយុត្តិធម៌ក្រុង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តនីតិវិធីបន្ត។ ដោយឡែកជនរងគ្រោះឈ្មោះ លីលី ពីង(LEE LEE PING)ភេទស្រី បានប្រគល់អោយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីសាកសួរបំភ្លឺ៕

    ប្រភព៖ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ

    Share This Post: