ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គលេខាធិការអង្គការសហប្រជាជាតិ អបអរសាទរជូនសម្ដេចតេជោ ហ៊ុន សែន ដែលបាន រៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ

    BY Khmernote Media November 14, 2022
    អគ្គលេខាធិការអង្គការសហប្រជាជាតិ អបអរសាទរជូនសម្ដេចតេជោ ហ៊ុន សែន ដែលបាន រៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) បានសម្ដែងនូវ​ការ អបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំ កំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។

    ​ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពី ជំនួបពិភាក្សាការងារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Antonio Guterres អគ្គលេខាធិការអង្គការ សហ ប្រជាជាតិ នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងខណៈដែល ឯកឧត្ដម អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំ ពាក់ព័ន្ធនៅកម្ពុជា។

    នៅក្នុងជំនួបនោះសម្ដេចតេជោ និង ឯកឧត្តម Antonio Guterres បានពិភាក្សាគ្នា លើប្រធានបទចំនួន ៣ រួមមាន ទី១) កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទី២) ការ ចូលរួមរបស់កម្ពុជា ក្នុងកិច្ចការអង្គការសហប្រជាជាតិ និងប្រធានបទ ទី៣) គឺការប្ដេជ្ញា ចិត្តរបស់អង្គការសហប្រជាជាតិចំពោះកម្ពុជា។

    ចំពោះប្រធានបទទី១ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្ដែង នូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំ កំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។ ឯកឧត្តមក៏បានបន្តដែរថា ចំពោះ ទស្សនៈរបស់អង្គការសហប្រជាជាតិ កិច្ចប្រជុំអាស៊ាន-អង្គការសហប្រជាជាតិ គឺទទួល បានជោគជ័យយ៉ាងខ្លាំង ។

    ចំណែកប្រធានបទទី២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសហ​ប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ គឺល្អបំផុត។ ជាមួយគ្នានេះ កម្ពុជា និង​អង្គការសហប្រជាជាតិ បានសហការគ្នា បង្កើតតុលាការកូនកាត់ ដើម្បីកាត់ទោសមេដឹកនាំ​ខ្មែរក្រហម ទទួលបានជោគជ័យ និងអាចចាត់ទុកបានជាគំរូ។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជា បានបញ្ជូនកម្លាំងការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីធ្វើការ​ងារ​មនុស្សធម៌ និងមានកិច្ចប្រជុំជាមួយភ្នាក់ងារអង្គការសហប្រជាជាតិជាប្រចាំ។

    ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានគូស​បញ្ជាក់​ថា ឯកឧត្តម ពិតជាមានមោទនភាពណាស់ ចំពោះកម្លាំងការពារសន្តិភាព​របស់​កម្ពុជា ពួកគាត់ធ្វើការបានល្អជាទីបំផុត។ រាល់ទីកន្លែងដែលពួកគាត់បានទៅ​ធ្វើប្រតិ​បត្តិ​ការ ពួកគាត់រមែងទទួលបាននូវការគោរពស្រឡាញ់ តាមរយៈកិច្ចការរបស់គាត់ ដែលបាន​ធ្វើអស់ពីកាយចិត្ត និងប្រកបដោយវិជ្ជាជីវៈ។

    ចំពោះប្រធានបទទី៣ ឯកឧត្តម Antonio Guterres បានគោរពជម្រាបជូនសម្ដេច​តេជោថា អង្គការសហប្រជាជាតិ នឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជួយ​ដល់​កម្ពុជា រួមទាំងទទួលយកនូវសំណើរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីស្នើសុំ ឱ្យបញ្ចូល​បញ្ហា​មីន និងគ្រាប់មិនទាន់ផ្ទុះ ទៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍៕

    ប្រភព​៖ ក្រសួងព័ត៌មាន

    Share This Post: