ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ប៉េតង់កម្ពុជាឈ្នះមេដាយ៧គ្រឿង ជើងឯកអាស៊ី លើកទី៤ នៅប្រទេសថៃ

    BY Khmernote Media November 14, 2022
    អបអរសាទរ! ប៉េតង់កម្ពុជាឈ្នះមេដាយ៧គ្រឿង ជើងឯកអាស៊ី លើកទី៤ នៅប្រទេសថៃ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ធ្វើបានយ៉ាងល្អក្នុងការប្រកួតជើងឯកអាស៊ីលើកទី៤ ចាប់ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ដោយដណ្តើមបានមេដាយសរុប ៧គ្រឿង។

    កញ្ញា គីន សំណាង អគ្គលេខាធិការរង សហព័ន្ធកីឡាប៊ូល និងប៉េតង់កកម្ពុជា បានបញ្ជាក់ពីប្រទេសថៃមកថា មេដាយចំនួន ៧វិញ្ញាសា របស់ក្រុមជម្រើសជាតិប៉េតង់កម្ពុជា រួមមាន៖ មេដាយមាស ៣គ្រឿង ដណ្តើមបានលើវិញ្ញាសាយុវជនវាយយកពិន្ទុ អាយុក្រោម ១៨ឆ្នាំ ដោយកីឡាករ អ៊ុត ដួងខែ, បុរសឈុតធំវិញ្ញាសាវាយយកពិន្ទុ ដោយកីឡាករ ថោង ឈឿន, វិញ្ញាសាបុរស ៣នាក់ទល់៣នាក់ ដោយកីឡាករ ថោង ឈឿន, កីឡាករ យឹម សុភ័ណ្ឌ, កីឡាករ សៅ សុភារ៉ាន់ និងកីឡាករ តិប នរ៉ា។ មេដាយប្រាក់ ចំនួន ២គ្រឿង៖ នារី វាយយកពិន្ទុ ដោយកីឡាការិនី អ៊ុន ស្រីយ៉ា និងវិញ្ញាសានារី ៣នាក់ទល់៣នាក់ ដោយកីឡាការិនី អ៊ុន ស្រីយ៉ា, កីឡាការិនី អ៊ុក ស្រីមុំ, កីឡាការិនី ឃួន យ៉ារី និងកីឡាការិនី អ៊ុ ដាវីន។

    ចំពោះមេដាយសំរឹទ្ធិ២គ្រឿង ដណ្តើមបានលើវិញ្ញាសាយុវជន ៣នាក់ទល់៣នាក់ អាយុក្រោម ១៨ឆ្នាំ ដោយកីឡាករ ភាព ផាឃិន, កីឡាករ អ៊ុត សុខជា, កីឡាការិនី ហាក់ ស្រីនុត និងកីឡាករ នូច សុខេមរៈ ។ វិញ្ញាសាបុរស ៣នាក់ទល់៣នាក់ ដោយកីឡាករ ហេង ស៊ូមៀន, កីឡាករ ស៊ីន វង់, កីឡាករ ញ៉ែម បូរ៉ា, និងកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា ។ ក្រៅពីមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធិ សរុបទាំង៧វិញ្ញាសា ដែលប៉េតង់កម្ពុជាដណ្តើមបាននេះ ក្រុមប៉េតង់កម្ពុជា ក៏ដណ្តើមបានពានរង្វាន់១ផងដែរ លើវិញ្ញាសាយុវជន ៣នាក់ទល់៣នាក់ អាយុក្រោម ១៨ឆ្នាំ ដែលនេះជាការប្រកួតពានរង្វាន់លើទឹកចិត្ត។

    គួរបញ្ជាក់ថា សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន២៧នាក់ ដឹកនាំដោយឯកឧត្តម ស៊ុម សុជាតិ អនុប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ចូលរួមការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៤ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ជាការកត់សម្គាល់ ក្រុមប៉េតង់កម្ពុជា ដែលមានទាំងឈុតយុវជន និងឈុតធំបុរស-នារីចំនួន ៨ក្រុម គឺដណ្តើមបានមេដាយ ៧ក្រុម ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: