សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចបានតេស្តឃើញវិជ្ជមានកូវីដ-១៩ ក្រោយអញ្ជើញធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ី
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។ មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃ ពិសេសមុនពេលចេញដំណើរមក ខ្ញុំធ្វើតេស្តរហ័សមុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថា មេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ.១៩ ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៍ដោយ។

ជាសំណាងមួយដែលយប់មុិញ ដោយសារមកដល់យឺត ខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយ
ប្រធានាធិបតីបារាំង។ ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ ខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។ អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំ APEC។ ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតា ដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ៕
