សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្តីបារម្ភអំពីសុខភាពមេដឹកនាំបណ្ដាប្រទេសនានាដែលមកចូលរួមប្រជុំនៅកម្ពុជា ក្រោយសម្ដេចវិជ្ជមានកូវីដ១៩
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោយពេលត្រឡប់មកដល់មាតុប្រទេសវិញប្រមាណមួយម៉ោងក៏បានបង្ហោះសារជាសំឡេងប្រមាណជិត ១០ នាទី នៅព្រលប់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២២ ជូនជនរួមជាតិ ។

នៅក្នុងសារសំឡេងសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសុខភាពមេដឹក នាំបណ្ដាប្រទេសនានាដែរបានអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននិងប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា បន្ទាប់ពីសម្ដេចត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩នៅប្រទេសឥណ្ឌូណេស៊ី ពេលកំពុងចូលរួមកិច្ចប្រជុំ G20 នេះជាកង្វល់ធំរបស់សម្តេច ។
សម្តេចតេជោបានថ្លែងថា៖ “ពេលនេះខ្ញុំបានវិលត្រឡប់មកដល់លំនៅឋាននៅឯតាខ្មៅវិញហើយបន្ទាប់ពីធ្វើដំណើរជិត៤ម៉ោងពីកោះបាលី ប្រទេសឥណ្ឌូណេស៊ីមកកាន់ព្រះ រាជាណាចក្រកម្ពុជា ។ ដូចអ្វីដែលខ្ញុំបានទូលប្រគេននិងជម្រាបជូនបងប្អូនជនរួមជាតិអំពីវិជ្ជមានកូវីដ១៩ បញ្ហានេះគឺបានកើតនៅពេលដែលខ្ញុំបានទៅដល់ ប្រទេសឥណ្ឌូណេស៊ីនៅពេលល្ងាចហើយធ្វើដំណើរពីព្រលានយន្តហោះទៅកាន់សណ្ឋាគារបន្ទាប់ទៅក៏គ្រូពេទ្យយកសំណាក ។ ព្រលឹមឡើង ខ្ញុំក៏ត្រៀមខ្លួនដើម្បីទៅចូលរួមប្រជុំក៏ស្រាប់តែ មានព័ត៌មានថាខ្ញុំមានកូវីដ១៩។
សម្តេចតេជោអះអាងថាដូច្នេះដើម្បីធានាសុវត្ថិភាពសម្រាប់កិច្ចប្រជុំនិងអ្នកចូលរួមទាំងឡាយគណៈប្រតិភូកម្ពុជាគឺសម្តេចមិនអាចចូលរួម ប៉ុន្តែគណៈប្រតិភូដែល រួមដំណើរជាមួយក៏មិនអាចធ្វើជាតំណាងចូលរួមបានដែរដើម្បីធានាសុវត្ថិភាពសម្រាប់មេដឹកនាំនៃកិច្ចប្រជុំG20 ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីស្ថានភាពសុខភាព របស់សម្ដេចមិនមានអ្វីប្រែប្រួលនោះទេហើយក៏មិនមានអ្វីដែលត្រូវព្រួយបារម្ភនោះដែរតែអ្វីដែលសម្ដេចបារម្ភបំផុតនោះគឺសុខភាពមេដឹកនាំពិភពលោកដែលអញ្ជើញមកកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កង្វល់ធំរបស់ខ្ញុំព្រះករុណាខ្ញុំគឺសុខភាពរបស់មេដឹកនាំបណ្ដាប្រទេសនិងអង្គការអន្ដរជាតិនានាដែល បានមកប្រជុំនៅប្រទេសកម្ពុជា ថាតើពួកគាត់មានឆ្លងកូវីដ១៩ឬអត់។ ព្រោះថាមេដឹកនាំដែលមានការប្រជុំនៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ីដែលហៅថាG20 នេះគឺដែលចេញពីកម្ពុជាទៅស្ទើរពាក់កណ្ដាល ។ ក្នុងនោះ ប្រធានាធិបតីឥណ្ឌូណេស៊ីគឺជាប្រធានបន្តវេនដែលនៅជាប់ជាមួយនឹងសម្តេចជានិច្ច ក្រៅពីនោះវានៅមានមេដឹកនាំមួយចំនួនទៀតគឺនៅជាប់កៀកគិតគ្នាចាប់ដៃគ្នាហើយធ្វើដំណើរជា មួយគ្នារាប់ទាំងប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរដែលអង្គុយបាយជាមួយគ្នា ធ្វើដំណើរជាមួយគ្នា និង អង្គុយប្រជុំជាមួយគ្នា ។ ប៉ុន្ដែឆ្លងកាត់ការស្រាវជ្រាវអ្នកដែលចូលរួមប្រជុំនៅ ប្រទេសឥណ្ឌូណេស៊ី និងអ្នកដែលត្រឡប់ទៅប្រទេសវិញពុំឃើញមានថ្នាក់ដឹកនាំរូបណាមួយដែលមានកូវីដឆ្លងចេញពីកម្ពុជានោះទេ»។
សម្តេចតេជោនាយករដ្ឋមន្រ្តីយល់ថាអ្វីដែលជាការឆ្លងសម្រាប់សម្តេចប្រហែលជាស្ថិតនៅក្នុងពេលវេលាដែលសម្តេចហត់នឿយខ្លាំងបំផុតក្នុងរយៈពេលចុង ក្រោយនេះ គឺមួយអាទិត្យចុងក្រោយនេះសម្តេចក្នុង មួយថ្ងៃគឺធ្វើការលើសពី ១០ ម៉ោង អាចថាគឺ ១៥ ម៉ោងក្នុងរង្វង់ប៉ុណ្ណឹង ។ ដូច្នេះការហត់នឿយរបស់សម្តេចអាចជាមូលហេតុនៃការវាយលុករបស់កូវីដ១៩ ហើយនឹងខិតខំធ្វើការព្យាបាល ។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា៖ ”មកដល់ពេលនេះអាការៈរបស់ខ្ញុំគឺនៅធម្មតាមិនមានអ្វីដែលប្លែកនោះទេ បាយក៏បានធម្មតា ការសម្រាកក៏បានធម្មតា ហើយខ្ញុំនឹងបន្តការព្យាបាល នេះតទៅទៀត។ ខ្ញុំនឹងធ្វើការនៅផ្ទះលើកលែងតែមានការទទួលភ្ញៀវតែប៉ុណ្ណោះ ដែលខ្ញុំនឹងខិតខំព្យាបាលជំងឺនៅក្នុងកាលៈទេសៈនេះ ហើយមិនមានអ្វីជាការធ្ងន់ធ្ងរនោះទេ”។
ជាមួយនេះដែរសម្តេចតេជោនាយករដ្ឋមន្រ្តីក៏សូមស្នើឱ្យមានការយោគយល់អំពីអ្នកវិភាគខ្លះ ដែលលើកឡើងថា តើនេះអាចជាឧបាយកលនៃប្រទេសខ្លះ ដែលមិនចង់ឱ្យសម្តេចមានវត្តមាន នៅក្នុងការប្រជុំនោះដែរឬទេ។ ពិតណាស់មិនមានអ្នកណាមានបំណងដើម្បីឱ្យសម្តេចមិនមានវត្តមាននៅក្នុងកិច្ចប្រជុំទាំងកិច្ចប្រជុំG20នៅប្រទេសឥណ្ឌូណេស៊ីនិងទាំងកិច្ចប្រជុំអេប៉ិច នៅទីក្រុងបាងកកនោះឡើយ ។ សម្តេចតេជោសុំឱ្យបំបាត់ចោលនូវការភាន់ច្រឡំ ឬការវិភាគណាដែលនាំទៅដល់ផ្លូវនេះតែម្ដង ។ព្រោះថាប្រធានG20 ឥណ្ឌូណេស៊ីចង់ណាស់ឱ្យមានវត្តមាន ប្រធានអាស៊ានគឺសម្តេចនៅទីនោះ ។
ទន្ទឹមនេះ ប្រទេសថៃដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអេប៉ិច ពិតជាចង់ណាស់នៅក្នុងការឱ្យសម្តេចមានវត្តមាននៅទីនោះ ។ សម្តេចតេជោបានបន្តទៀតថា ដោយឡែកនៅទីក្រុង បាង កក ក៏មានការត្រៀមរៀបចំជួបរវាងសម្តេចជាមួយនឹងប្រធានាធិបតីចិន ស៊ី ជិនពីង និង ការជួបរបស់សម្តេចជាមួយប្រធានាធិបតីបារាំង លោក ម៉ាក្រុង ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា ពុំមានហេតុផលណានិងវិភាគឱ្យទៅឆ្ងាយពីអ្វីដែលជាកូវីដ១៩ ហើយសម្តេចគិតថានេះគឺជាកូវីដពិតប្រាកដដោយសារតែភាពទន់ខ្សោយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយរបស់សម្តេច៕

ប្រភព៖ ក្រសួងព័ត៌មាន