ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងស្រាវជ្រាវលើក្រុមហ៊ុន French OL Group ដែលធ្វើសកម្មភាពអូសទាញឆបោកប្រជាពលរដ្ឋ

    BY Khmernote Media November 16, 2022
    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងស្រាវជ្រាវលើក្រុមហ៊ុន French OL Group ដែលធ្វើសកម្មភាពអូសទាញឆបោកប្រជាពលរដ្ឋ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុក មួយចំនួន បានចុះផ្សាយព័ត៌មាន ដែលមិនមានមូលដ្ឋានគ្រប់គ្រាន់ ពាក់ព័ន្ធនឹងការដំណើរការរបស់នាយកដ្ឋាន ដែលធ្វើឱ្យមានការភាន់ច្រឡំពី សាធារណៈជន ហេតុដូចនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមបំភ្លឺដូចខាងក្រោម៖

    ថ្មីៗនេះមានក្រុមហ៊ុន French OL Group ជ្រកក្រោមគេហទំព័រភ្នាល់បាល់ ឈ្មោះ ol669.vip និង ol668.online បានធ្វើសកម្មភាពអូសទាញប្រជាពលរដ្ឋឱ្យសាកល្បង និងចូលរួមជាសមាជិកវិនិយោគដាក់ប្រាក់ ដោយអនុវត្តតាមការណែនាំរបស់ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញ និងប្រយោជន៍ផ្សេងៗ ប៉ុន្តែនៅ ពេលមានសមាជិកបានបន្តដាក់ប្រាក់វិនិយោគកាន់តែច្រើន ក្រុមហ៊ុនមិនបានផ្ទេរប្រាក់ជូនសមាជិកវិញទេ ហើយ សមាជិកទាំងនោះ ក៏មិនអាចដកប្រាក់របស់ខ្លួនត្រឡប់មកវិញបានដែរ។

    ក្រោយពីទទួលបានព័ត៌មានអំពីសេចក្តីបដិសេធរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នាយកដ្ឋានបានចាត់មន្ត្រីជំនាញឱ្យធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រកបទល្មើសរបស់ក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុនខាងលើ ដើម្បីឈានដល់ការចាត់វិធានការតាមនីតិវិធីច្បាប់។ ដោយករណីនេះកំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ នាយកដ្ឋាន មិនទាន់អាចជូនដំណឹងលម្អិត បានទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរនៃការស៊ើបអង្កេត។

    ទន្ទឹមនឹងនេះ ក៏មានប្រជាពលរដ្ឋមួយចំនួន បានអញ្ជើញមកដាក់ពាក្យបណ្តឹងដោយផ្ទាល់នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបជូនថារាល់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋត្រូវ បាននាយកដ្ឋាន យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្ត ស្រាវជ្រាវ ស៊ើបអង្កេត ឱ្យមានប្រសិទ្ធភាព ដើម្បីឈានដល់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលា។

    ដោយឃើញថាបច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងជាច្រើន គួរឱ្យកត់សម្គាល់ពាក់ព័ន្ធបទល្មើសឆបោក ជាពិសេសការវិនិយោគតាមបណ្ដាញសង្គម ដែលមិនមានប្រភព ច្បាស់លាស់។ នាយកដ្ឋាន សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នក្នុងការផ្ទេរប្រាក់ ឬវិនិយោគណាមួយ តាមប្រព័ន្ធអនឡាញ (Online) ដោយត្រូវពិនិត្យលើឯកសារគតិយុត្តិរបស់ក្រុមហ៊ុន និង អត្តសញ្ញាណជនទទួលប្រាក់ឱ្យបានច្បាស់លាស់ មុននឹងឈានដល់ការសម្រេចចិត្តផ្ទេរប្រាក់។ នាយកដ្ឋានត្រៀមខ្លួន ជានិច្ច ដើម្បីស្រាវជ្រាវ ទទួលពាក្យបណ្តឹង និងបម្រើដល់សាធារណជនតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ប្រគល់ជូន។

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេវិទ្យា សូមថ្លែងអំណរគុណ ដល់សាធារណជនទាំងអស់ ដែលបាន ផ្ដល់ព័ត៌មានកន្លងមក និងសូមលើកទឹកចិត្តឱ្យបន្ដផ្ដល់ព័ត៌មានជូននាយកដ្ឋាន ដើម្បីជាជំនួយក្នុងការស៊ើបអង្កេត និងឈានដល់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

    Share This Post: