ជនដៃឆើត ៧នាក់ មុខសញ្ញាលួចគាស់ផ្ទះ កាត់ខ្សែភ្លើងនៅតាមផ្ទះប្រជាពលរដ្ឋយ៉ាងកក្រើក ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងដូនកែវ ឃាត់ខ្លួនបានសម្រេច
ខេត្តតាកែវ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយមានសកម្មភាពចោរលួចជាច្រើន ករណីបង្ករការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ លើសុខសុវត្ថិភាពរបស់ពួកគាត់នៅតាមមូលដ្ឋាន អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានបញ្ជាអោយកងកំលាំងរាជអាវុធហត្ថ និងកំលាំងនគរបាល ធ្វើការស្រាវជ្រាវ និងបង្ក្រាបលើមុខសញ្ញាក្រុមចោរលួចទាំងនោះអោយបាន ដើម្បីធានានៅសុខសុវត្ថិភាពភូមិឃុំ របស់ប្រជាពលរដ្ឋ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលនេះ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបានអោយដឹងថា បន្ទាប់ពីទទួលបទបញ្ជាពីគណៈអភិបាលខេត្ត លោកបានបញ្ជាអោយកំលាំងជំនាញចុះធ្វើការស្រាវជ្រាវ និងប្រើប្រាស់កំលាំងជិះម៉ូតូល្បាត នៅតាមមូលដ្ឋាន ក្នុងនោះកំលាំងជំនាញយើងបានកំណត់មុខសញ្ញាបាន ដោយនៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កំលាំងជំនាញនៃកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួន ក្រុមចោរលួចយ៉ាងសកម្មក្នុងខេត្តបានចំនួន ០៧នាក់ ដែលក្រុមចោទាំងនោះបានធ្វើសកម្មភាព លួចគាស់ផ្ទះ លួចទូរស័ព្ទ លួចសម្ភារផ្សេងៗ និងលួចកាត់យកខ្សែភ្លើង នៅតាមផ្ទះប្រជាពលរដ្ឋយកទៅលក់នៅតាមដេប៉ូលក់អេត ចាយចំនួន ០៣ទីតាំង នៅក្នុងខេត្ត។
មុខសញ្ញាក្រុមចោរលួចទាំង ៧នាក់រួមមាន៖
-ទី១៖ ឈ្មោះ សូ សុខជា ភេទប្រុស អាយុ ២៤ឆ្នាំ
-ទី២៖ ឈ្មោះ ប៊ុន រាសី ភេទប្រុស អាយុ ២៧ឆ្នាំ
-ទី៣៖ ឈ្មោះ ហ៊ឹម ផន ភេទប្រុស អាយុ ២១ឆ្នាំ
-ទី៤៖ ឈ្មោះ សុខ ថា ភេទប្រុស អាយុ ២៤ឆ្នាំ
-ទី៥៖ ឈ្មោះ ឈៀង ប៊ុនរឿន ភេទប្រុស អាយុ ៤១ឆ្នាំ
-ទី៦៖ ឈ្មោះ យ៉េង ប៊ុណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ
-និងទី៧៖ ឈ្មោះ ចៅ ភី ភេទប្រុស អាយ ២៧ឆ្នាំ ។ អ្នកទាំង ៧នាក់ ស្នាក់នៅក្រុងដូនកែវ ខេត្តតាកែវ។
ក្រោយឃាត់ខ្លួនក្រុមចោរទាំងនេះ កំលាំងជំនាញ បានបន្តនាំខ្លួនមុខសញ្ញាទាំងនេះ ទៅទីតាំងដែលទទួលផលចោរលួច ពីក្រុមចោរដែលលួចខ្សែភ្លើងបានយកទៅលក់ចំនួន ៣ទីតាំង រួមមានទីតាំងទី១. ឈ្មោះ កែវ សាលី ភេទស្រី អាយុ៤១ឆ្នាំ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ, ទីតាំងទី២. ឈ្មោះ សំ ស៊ីមួយ ភេទស្រី អាយុ ៥២ឆ្នាំ ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ និងទីតាំងទី៣. ឈ្មោះ យី ភ័សនី ហៅយាយម៉ៅ ភេទស្រី អាយុ ៥៩ឆ្នាំ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។
សូមបញ្ជាក់ផងដែរថា ចំពោះជនសង្ស័យទាំង ៧នាក់ រួមជាមួយនិងវត្ថុតាង និងម្ចាស់ទីតាំងទាំង ៣ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះហើយ។ ជុំវិញករណីបង្ក្រាបក្រុមចោរលួចដ៏សកម្មក្នុងភូមិសាស្ត្រកហរុងដូនកែវនេះដែរ គឺមានការអបអរសាទរខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ លើសកម្មភាពរបស់កងរាជអាវុធហត្ថខេត្តតាកែវ ៕



ប្រភព៖ ពត៌មានខេត្តតាកែវ