នគរបាលកោះហៅសួរនាំ មន្ត្រីសាលាស្រុកស្វាយចេកម្នាក់ ជុំវិញការបង្ហោះពីសកម្មភាពប្រជាពលរដ្ឋ ទិញលក់ស្រូវ ត្រូវបានឈ្មួញក្រឡុកហាងឆេង ដែលខ្លឹមសារនាំឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់សង្គម និយាយបែបញុះញង់ និងជេប្រមាថអាជ្ញាធរ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីសាលាស្រុកស្វាយចេក ម្នាក់ឈ្មោះ អឿន ធី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើសកម្មភាពថតរូបបង្ហោះនិងឡាយ អំពីសកម្មភាពប្រជាពលរដ្ឋ ទិញលក់ស្រូវ ត្រូវបានឈ្មួញក្រឡុកហាងឆេង ដែលខ្លឹមសារនោះបាននាំឲ្យប៉ះពាល់ដល់ សន្តិសុខសណ្តាប់សង្គម និយាយបែបញុះញង់ និងជេប្រមាថ ដល់លោកអភិបាលស្រុកស្វាយចេកយ៉ាងធ្ងន់ធ្ងរផងដែរ។

អនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាល ការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកវរសេនីយ៍ឯក ឃួន វណ្ណា ស្នងការង ជំនួយដឹកនាំផែនការងារសន្តិសុខ បានចុះស្រាវជ្រាវនិងបានកោះហៅឈ្មោះ អឿន ធី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរមន្រ្តីរាជការសាលាស្រុកស្វាយចេក មកបំភ្លឺលើករណី ដែលបានឡាយក្នុងហ្វេសបុកឈ្មោះ បង ញ៉ក់ ភូមិភាស ជុំវិញព័ត៌មានក្លែងក្លាយដែលបង្កចលាចលដល់សង្គមនិងការជេប្រមាថអាជ្ញាធរនេះហើយ។
ក្រោយពីការសាកសួរនាំរួចមក ឈ្មោះ អឿន ធី បានទទួលស្គាល់កំហុស និងបានអះអាងថាខ្លួនពិតជាបានថតឡាយមែន មកពីខ្លួនស្រវឹង។ បន្ទាប់ពីបានដឹងពីកំហុសហើយ សាមីខ្លួនបានសុំទោសជាសាធារណ:ចំពោះប្រជាពលរដ្ឋនិងលោកអភិបាលស្រុកស្វាយចេក។ ទន្ទឹមគ្នានោះសមត្ថកិច្ចជំនាញក៏បានឲ្យគាត់ធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តបទល្មើសបន្តទៀត ក្នុងករណីមិនរាងចាល សមត្ថកិច្ចនឹងមានចំណាត់ការតាមផ្លូវច្បាប់៕







ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police