ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ដ្រីក្រសួងអប់រំ អំពាវនាវម្ចាស់កន្លែងស្នាក់នៅ ភោជនីយដ្ឋាន សូមជួយសម្រួលដល់បេក្ខជនប្រឡងបាក់ឌុប

    BY Khmernote Media November 21, 2022
    រដ្ឋមន្ដ្រីក្រសួងអប់រំ អំពាវនាវម្ចាស់កន្លែងស្នាក់នៅ ភោជនីយដ្ឋាន សូមជួយសម្រួលដល់បេក្ខជនប្រឡងបាក់ឌុប

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ដ្រីក្រសួងអប់រំ បានអំពាវនាវដល់ម្ចាស់កន្លែងស្នាក់នៅ ភោជនីយដ្ឋាន សូមកុំដំឡើងថ្លៃ ដើម្បីជួយសម្រួលដល់បេក្ខជនដែលត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២។

    នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២២ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានផ្សេងៗជាច្រើនទៀត កុំដំឡើងថ្លៃ ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការចំណាយ ក៏ដូចជាចូលរួមអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។

    សំឡេង៖ ” សូមអំពាវនាវសូមឱ្យសណ្ឋាគារក៏ដូចជាកន្លែងស្នាក់នៅ ភោជនីយដ្ឋាន កន្លែងលក់អាហារផ្សេងៗ សូមជួយសម្រួលដល់បេក្ខជនដែលមកពីតាមស្រុក ក៏ដូចជាពីតាមឃុំដែលត្រូវមកប្រឡងនៅទីរួមខេត្ត ក៏ដូចជាទីរួមស្រុកមួយចំនួន ដើម្បីធានានូវសុវត្ថិភាព។ជាពិសេសចរាចរណ៍នៅតាមដងផ្លូវក៏ដូចជាដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្នាក់នៅ ក៏ដូចជាការហូបចុករបស់បេក្ខជនផងដែរ”។

    ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មាតាបិតាដែលចូលរួមចំណែកនៅក្នុងការគាំទ្រទៅដល់សិស្សានុសិស្ស ក៏ដូចជាសូមថ្លែងអំណរគុណដល់អាជ្ញាធរ ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាដែលចូលរួមចំណែកនៅក្នុងការផ្ដល់ទីកន្លែងស្នាក់នៅ នៅតាមទីរួមខេត្ត ក៏ដូចជាទីរួមស្រុកមួយចំនួន ក៏ដូចជាកន្លែងទុកដាក់កង់ម៉ូតូនៅក្រៅមណ្ឌលប្រឡង។

    សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចូលរួមប្រឡងជាង ១២ម៉ឺននាក់ ដែលមានបេក្ខនារីជិត ៧ម៉ឺននាក់ មាន ២២១ មណ្ឌលប្រឡង ស្មើនឹង ៥ ១៧៤ បន្ទប់នៅទូទាំងប្រទេស៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: