ក្រសួងសុខាភិបាល៖ ការដឹកជញ្ជូនអ្នកជំងឺដើម្បីសង្គ្រោះបន្ទាន់ និងដឹកអ្នកបាត់បង់ជីវិតទៅលំនៅដ្ឋាន ដោយគ្រោះថ្នាក់ចរាចរណ៍ មិនត្រូវគិតថ្លៃសេវាឡើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព(របស់មន្ទីរពេទ្យ) ទៅលំនៅដ្ឋាននៃសព។

ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព (ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ ចរាចរណ៍ទៅកាន់លំនៅដ្ឋានសព។
កន្លងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ក៏បានធ្វើការណែនាំដល់ មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹងសេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អភិបាល នៃគណ:អភិបាលរាជធានី-ខេត្ត ទាំងអស់ យកចិត្តទុកដាក់ណែនាំឱ្យប្រធានមន្ទីរសុខាភិបាលពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តគិលានសង្គ្រោះ ដើម្បី ជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឲ្យបង់ថ្លៃសេវាដឹកជញ្ជូន និង សេវារថយន្តដឹកសពទៅលំនៅដ្ឋាននៃសព ដោយការទទួលខុសត្រូវខ្ពស់ ៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
