បច្ចេកវិទ្យា

ប្រទេសវៀតណាមនឹងបើកសាកល្បងបច្ចេកវិទ្យា 5G ក្នុងឆ្នាំ ២០១៩ នេះ

BY
autoadmin
January 8, 2019

ប្រធានការិយាល័យគោលនយោបាយ និងផែនការក្រោមក្រសួងទំនាក់ទំនង និងទំនាក់ទំនងរបស់ក្រសួងព័ត៌មាន និងទូរគមនាគមន៍លោក Tran Tuan Anh បានឱ្យដឹងថា វៀតណាមបានកំណត់សេវា 5G ជាហេដ្ឋារចនាសម្ព័ន្ធបណ្តាញសម្រាប់គ្រប់ផ្នែកនៃសេដ្ឋកិច្ច មិនត្រឹមតែសម្រាប់ទំនាក់ទំនងប៉ុណ្ណោះទេ។ វានឹងត្រូវបានពង្រីកបង្កើនសមត្ថភាពការងារគ្រប់វិស័យទាំងអស់ដោយផ្អែកលើហេដ្ឋារចនាសម្ព័ន្ធវិទ្យុទាក់ទង។ ស្ថិតក្រោមចក្ខុវិស័យរបស់ក្រុមហ៊ុន Qualcomm ក្រុមហ៊ុន Nokia ក្រុមហ៊ុន Samsung និងក្រុមហ៊ុនដទៃទៀត ដែលកំពុងអភិវឌ្ឍ សេវាកម្ម និងបច្ចេកវិទ្យា 5G បណ្តាញទូរស័ព្ទចល័ត 5G នឹងជួយជំរុញការគ្រប់គ្រងរថយន្តស្វយ័ត (រថយន្តបើកបរខ្លួនឯង) ការប្រើបច្ចេកវិទ្យា IoT និងCloud។

លោក Tran Tuan Anh បានប្រាប់ Enternews.vn ថា បច្ចុប្បន្នមានស្ថានីយតិចតួចណាស់ ដែលគាំទ្របណ្តាញ 5G ដូច្នេះបច្ចេកវិទ្យានេះមិនទាន់មានសមត្ថភាព ដើម្បីទៅដល់មនុស្សគ្រប់គ្នានៅឡើយទេ។ ជាមួយនឹងតម្រូវការរបស់អ្នកប្រើសព្វថ្ងៃនេះ 4G នៅតែអាចបំពេញតាមតម្រូវការរបស់ពួកគេ។ ការអនុវត្ត 5G នៅវៀតណាមនឹងពឹងផ្អែកលើតួនាទីរបស់ប្រតិបត្តិករបណ្តាញ និងសហគ្រាស ICT ហើយប្រទេសវៀតណាមក៏ត្រូវកសាងមជ្ឈមណ្ឌលស្រាវជ្រាវលើបច្ចេកវិទ្យា 5G ដើម្បីបន្ថែមលើឯកសារស្របច្បាប់ផងដែរ។

នៅទូទាំងពិភពលោកកំពុងមានបណ្តាញ 5G ដែលបានដាក់ពង្រាយដោយអ្នកផ្គត់ផ្គង់ជាង ២០ ហើយក៏មានបណ្តាញ 5G ចំនួន ១៣៤ទីតាំង កំពុងត្រូវបានសាកល្បងនៅក្នុងបណ្តាប្រទេសចំនួន ៦២ នៅជុំវិញពិភពលោក។ នៅក្នុងឆ្នាំ ២០១៩ ពិភពលោកនឹងអនុម័តស្តង់ដារ 5G នៅក្នុងសន្និសីទទូរគមនាគមន៍ពិភពលោកនៃ ITU ដែលជាភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ យ៉ាងណាមិញឧស្សាហកម្មយោធា និងទូរគមនាគមន៍ក្រុមហ៊ុន Viettel បានកំពុងតែបំពេញការងារយ៉ាងសកម្មដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សសម្រាប់បច្ចេកវិទ្យា 5G ដោយរំពឹងថានឹងក្លាយជាក្រុមហ៊ុនដំបូងគេនៅវៀតណាមដើម្បីដាក់នូវបណ្តាញ 5G នេះ។

ជាមួយនឹងលទ្ធផលវិជ្ជមានមួយចំនួនក្នុងការរៀបចំ 5G ក្រុមហ៊ុន Viettel មានបំណងបង្ហើយស្ថានីយផ្សាយ 5G នៅឆ្នាំ ២០១៩ ហើយសាកល្បងស្ថានីយ 5G នៅឆ្នាំ ២០២០ និងត្រៀមខ្លួនរួចរាល់ក្នុងការធ្វើពាណិជ្ជកម្មនៅឆ្នាំ ២០២១ ។ នៅក្នុងបទសម្ភាសន៍ជាមួយ ictnews.vn នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei Vietnam លោក Fan Jun បាននិយាយថា វៀតណាមគឺជាទីផ្សារដែលកំពុងរីកចម្រើនខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍។ លោកបាននិយាយថា នាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងម្តងហើយម្តងទៀតអំពីការអភិវឌ្ឍ 5G នៅវៀតណាម ហើយប្រតិបត្តិករវៀតណាមគឺមានឆន្ទៈសាកល្បង 5G ៕

អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider

Share This Post: