ឡូយណាស់! ក្រុមហ៊ុន Essential បង្ហាញពីគម្រោងផលិតស្មាតហ្វូនថ្មី ដែលមានកាមេរ៉ាមុខលោតចេញមកខាងក្រៅតែម្ដង
- March 6, 2018
កាលពីមួយរយៈមុន យើងធ្លាប់បានសង្កេតឃើញរួចមកហើយពីគំនិតថ្មីរបស់ក្រុមហ៊ុន Vivo ទាក់ទងទៅនឹងស្មាតហ្វូនម៉ូដែល Apex ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ ហើយអ្នកប្រើប្រាស់អាចប៉ះកន្លែងណាក៏បានដើម្បីដោះសោរ។ មិនតែប៉ុណ្ណោះ ចំពោះឧបករណ៍បំពងសម្លេងនឹងបន្លឺឡើយតាមរយៈអេក្រង់ ហើយតួខ្លួនទាំងមូលស្រោបដោយកញ្ចក់តែម្ដង។ ឯកាមេរ៉ាមុខវិញ ក្រុមហ៊ុន Vivo មានបំណងដាក់ឲ្យលោតចេញមកខាងក្រៅ ពោលគឺប្រសិនបើអ្នកប្រើប្រាស់ចង់ថត selfie ទាល់តែហូតកាមេរ៉ានោះចេញមក។

អ្វីដែលអស្ចារ្យបំផុតនោះគឺ ស្មាតហ្វូនថ្មីម៉ូដែល Apex របស់ក្រុមហ៊ុន Vivo នឹងមានភ្ជាប់មកជាមួយនឹង Notch Design ដូចគ្នាទៅនឹង iPhone X ដែរ។ លោកអ្នកអាចនឹងគិតថា គំនិតរបស់ក្រុមហ៊ុន Vivo នេះគឺពិតជាអស្ចារ្យ និងមិនធ្លាប់មានពីមុនមក ប៉ុន្ដែនាពេលថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Essential លោក Andy Rubin បានបង្ហោះរូបភាពប៉ាតង់ថ្មីរបស់ខ្លួន ដែលបង្ហាញយ៉ាងច្បាស់ពីកាមេរ៉ាមុខលោតចេញមកក្រៅដើម្បីឲ្យអ្នកប្រើប្រាស់ថត selfie។
គួរបញ្ជាក់ផងដែរថា យោងតាមរូបភាពក្នុងប៉ាតង់ រចនាបទនេះគឺស្រដៀងគ្នាទៅនឹងគំនិតរបស់ក្រុមហ៊ុន Vivo ដែលបានប្រើប្រាស់លើស្មាតហ្វូន Apex របស់ខ្លួនដែរ។ លើសពីនេះទៅទៀត កាមេរ៉ា selfie នោះនឹងត្រូវបានដាក់នៅនឹងកែងស្មាតហ្វូន ហើយក៏ដើរតួជាប៊ូតុងសម្រាប់ចុចថតបានផងដែរ។
ប្រភព៖ phonearena
- Share This Post:









