ឡូរ៉ា ម៉ម បង្ហាញមោទកភាពចំពោះ វណ្ណដា និងកីឡាករគុនខ្មែរ ធារ៉ា ដែលបានលើកឈ្មោះប្រទេសកម្ពុជាទៅឆាកអន្តរជាតិ
- BY
- Naren
- December 28, 2022
(ភ្នំពេញ)៖ តន្រ្តីករនិង អគ្គនាយកប្រតិបត្តិរបស់ផលិតកម្មបារមី Baramey Production កញ្ញា ឡូរ៉ា ម៉ម បានបង្ហាញពីមោទកភាពចំពោះ វណ្ណដា និងកីឡាករគុនខ្មែរ ធារ៉ា ដែលបានលើកឈ្មោះប្រទេសកម្ពុជាទៅឆាកអន្តរជាតិ។ កញ្ញាបានលើកឡើងថា ថ្មីៗនេះNME Asia បានចេញផ្សាយបញ្ជី កំពូលអាល់ប៊ុមអាស៊ីប្រចាំឆ្នាំ ២០២២ ហើយក្នុងនោះ អាល់ប៊ុម Skull 2 របស់ Vann Da – វណ្ណដា ជាមួយនឹងបទ “Khmer Blood” ដែលទទួលបានចំណាប់អារម្មណ៍ជាពិសេស ក៏បានជាប់ចំណាត់ថ្នាក់លេខ ១៣ ផងដែរ ក្នុងតារាងជាមួយនឹងតារាចម្រៀងអាស៊ីផ្សេងទៀត។ CEO រូបនេះបានបន្តថា ក្រៅពីវិស័យតន្ត្រី វិស័យកីឡារបស់កម្ពុជា ក៏កំពុងតែមានសន្ទុះការគាំទ្រនិងឱកាសបង្ហាញសមត្ថភាព ដោយកាលពីពេលថ្មីៗនេះ កីឡាករធឿន ធារ៉ា ទើបតែលើកពានពីស្ដេចប្រដាល់ថៃជាលើកដំបូង។
កញ្ញា ឡូរ៉ា ម៉ម បានសរសេររៀបរាប់ថា៖ «កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងមកនេះ NME Asia បានចេញផ្សាយបញ្ជី កំពូលអាល់ប៊ុមអាស៊ីប្រចាំឆ្នាំ ២០២២ ហើយក្នុងនោះ អាល់ប៊ុម Skull 2 របស់ Vann Da – វណ្ណដា ជាមួយនឹងបទ “Khmer Blood” ដែលទទួលបានចំណាប់អារម្មណ៍ជាពិសេស ក៏បានជាប់ចំណាត់ថ្នាក់លេខ ១៣ ផងដែរ ក្នុងតារាងជាមួយនឹងតារាចម្រៀងអាស៊ីផ្សេងទៀតដែលគួរឱ្យកត់សម្គាល់ដូចជា MILLI, Taeyeon, Utada, និង Seulgi ជាដើម។ ក្នុងនាមជានាយកប្រតិបត្តិរបស់ផលិតកម្មបារមី Baramey Production នាងខ្ញុំពិតជារំភើប និងមានមោទកភាពមែនទែន ដែលតន្ត្រីរបស់សិល្បករខ្មែរយើងត្រូវបានគេទទួលស្គាល់និងស្ងើចសរសើរពីថ្នាក់អន្តរជាតិ។ នេះពិតជាសបង្ហាញថា តន្ត្រីខ្មែរយើងកំពុងតែវិវត្តទៅមុខទាំងស្ដង់ដារ គុណភាព និង សមត្ថភាព ក្នុងការពង្រឹងគោលជំហរ និង ប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។
ក្រៅពីវិស័យតន្ត្រី វិស័យកីឡារបស់យើងក៏កំពុងតែមានសន្ទុះការគាំទ្រនិងឱកាសបង្ហាញសមត្ថភាព ដូចប្អូនធឿន ធារ៉ា ដែលគាត់ទើបតែលើកពានពីស្ដេចប្រដាល់ថៃប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ។ នាងខ្ញុំសូមចូលរួមអបអរសាទរទៅទាំង វណ្ណដា ទាំងធារ៉ា ដែលបានលើកឈ្មោះប្រទេសកម្ពុជាយើងទៅឆាកអន្តរជាតិ ហើយខ្ញុំមានចក្ខុវិស័យ និង ក្ដីសង្ឈឹមយ៉ាងមុតមាំថា ឧស្សហកម្មតន្ត្រី សិល្បៈ កីឡាផ្សេងៗរបស់ខ្មែរ នឹងបន្តបង្កើតប្រវត្តិសាស្ត្រថ្មី និងកាន់តែរីកសុះសាយកិត្តនាមបន្តទៀតជុំវិញពិភពលោក ព្រោះនេះគឺជា “Time to Rise” សម្រាប់ប្រជាជនខ្មែរទាំងអស់គ្នា។
ខណៈដែលឆ្នាំថ្មីកំពុងតែឈានចូលមកដល់ នាងខ្ញុំសូមជូនពរឲ្យគ្រប់គ្នាបន្តស្វែងរកការអភិវឌ្ឍ ភាពជោគជ័យ និងមោទនភាពសម្រាប់ខ្លួនឯង។ សម្រាប់អ្នកដែលមានអារម្មណ៍ថាឆ្នាំកន្លងមកមិនសូវបានសមប្រកប សូមបន្តមានក្ដីសង្ឃឹម និងកម្លាំងចិត្តទៀត ព្រោះ ដូចវណ្ណដាបានច្រៀងក្នុងបទ Khmer Blood អញ្ចឹង គឺយើងសុទ្ធតែ “ មានឈាមខ្មែរតាមថែរក្សា”។ រីករាយឆ្នាំថ្មី Happy new year everyone! And thank you to NME for “The 25 best Asian albums of 2022”!»៕
- Share This Post: