ឯកឧត្តម ប្រាក់ សុខុន៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។ ឯកឧត្តមបានលើកឡើងដូច្នេះ នៅក្នុងជំនួប សម្ដែងការគួរសម និងជម្រាបលា រវាងឯកឧត្តម និង ឯឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ប្រទេសឥណ្ឌូនេស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ថ្មីៗនេះ។

នៅក្នុងជំនួបនោះដែរ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជាតិទាំងពីរ។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះតួនាទីដ៏សំខាន់ និងការរួមចំណែកដ៏ចាំបាច់របស់ឥណ្ឌូនេស៊ី នៅក្នុងដំណើរការសន្តិភាពនៅក្នុងប្រទេសកម្ពុជាផងដែរ៕


អត្ថបទ៖ លីនី