ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តតូយ៉ូតាព្រូសមួយគ្រឿង ឆាបឆេះយ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង សង្ស័យបណ្ដាលមកឆ្លងចរន្តអគ្គិសនី ស្ថិតនៅខណ្ឌបឹងកេងកង

    BY Khmernote Media January 30, 2023
    រថយន្តតូយ៉ូតាព្រូសមួយគ្រឿង ឆាបឆេះយ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង សង្ស័យបណ្ដាលមកឆ្លងចរន្តអគ្គិសនី ស្ថិតនៅខណ្ឌបឹងកេងកង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រថយន្តតូយ៉ូតា ព្រូសមួយគ្រឿង សង្ស័យឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះ យ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

    តាមរបាយការណ៍បានឲ្យដឹងថា នៅពេលកើតហេតុរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-8652 បានឈប់ចតនៅកណ្ដាលផ្លូវត្រង់ចំណុចខាងលើ។ ក្រោយមកស្រាប់តែមានការឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ បើទោះបីបងប្អូនប្រជាពលរដ្ឋនាំគ្នាយកទឹកជះ ឬបាញ់ពន្លត់យ៉ាងណាក៏មិនរលត់ដែរ ឆេះរហូតទាល់តែក្រុមភ្នាក់ងារបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តមួយគ្រឿងមកបាញ់ទឹកពន្លត់ទើបរលត់ទៅវិញជាស្ថាពរ។

    ប៉ុន្តែរថយន្តខាងលើត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចសល់តែគ្រោងឆ្អឹងទៅហើយ មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។ ចំពោះមូលហេតុ សមត្ថកិច្ចសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕

    ​ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    Share This Post: