ផ្លូវការ! កីឡា «គុនខ្មែរ» នឹងមាន១៩វិញ្ញាសា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បាបនឱ្យដឹងថា សហព័ន្ធគុនខ្មែរអន្តរជាតិ បានប្រកាសកាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ថា បន្ទាប់ពីការប្រជុំពិសេសថ្ងៃ២៦ ខែមករា ឆ្នាំ២០២៣ រវាងប្រទេសទាំង៨ បានសម្រេចអនុម័តលើវិញ្ញាសាចំនួន១៩ ដើម្បីដាក់ចូលប្រកួតនៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ក្នុងនោះ មាន១១ប្រភេទទម្ងន់សម្រាប់បុរស និង៦ប្រភេទទម្ងន់សម្រាប់នារី បូកទាំងវិញ្ញាសា គុនគ្រូបុរស និង គុនគ្រូនារី សរុបមាន១៩វិញ្ញាសា ដើម្បីដាក់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។

សម្រាប់លទ្ធផលនៃកិច្ចប្រជុំដែលបានសម្រេចគឺមានចំនួន ៨ប្រទេសនៅតំបន់អាស៊ាន ដែលនឹងចូលរួមមានដូចជា៖ ថៃ, ឡាវ,ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,ឥណ្ឌូណេស៊ី,ហ្វីលីពីន,វៀតណាម រួមទាំងកម្ពុជា និងបានគាំទ្រ អនុម័តជាឯកច្ឆ័ន្ទប្រើឈ្មោះ «គុនខ្មែរ» ដោយមិនមានការកែប្រែសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕


ប្រភព៖ ក្រសួងព័ត៌មាន