ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ធ្វើដូចម្តេចដើម្បីក្លាយជាអ្នកស្ម័គ្រចិត្តសម្រាប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣?

    BY Khmernote Media February 3, 2023
    ធ្វើដូចម្តេចដើម្បីក្លាយជាអ្នកស្ម័គ្រចិត្តសម្រាប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣?

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មការស្ម័គ្រចិត្ត នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសទទួលអ្នកស្ម័គ្រចិត្តជាផ្លូវការ ដើម្បីជាផ្នែកមួយនៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

    ក្នុងឱកាសដែលកម្ពុជា ត្រូវចាប់ផ្ដើមមុនសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ លើ៣៦ប្រភេទកីឡា បូកកីឡាសម្ដែង ១ប្រភេទ តម្រូវការអ្នកស្ម័គ្រចិត្ត ត្រូវបានរំពឹងថា នឹងជ្រើសរើសចំនួន ៦,៩៦៣នាក់ ដូច្នេះការចូលរួមគឺជាចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យព្រឹត្តិការណ៍ដំណើរការទៅយ៉ាងរលូន។

    * អំពីអ្នកស្ម័គ្រចិត្ត៖

    អ្នកស្ម័គ្រចិត្តត្រូវបានបែងចែកជា ៣កម្រិត រួមមាន៖ ថ្នាក់ដឹកនាំ ជនបង្គោល និងអ្នកស្ម័គ្រចិត្តទូទៅ។ ក្នុងតម្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៧,០០០នាក់ គណៈកម្មការបានបើកទូលាយជូនដល់សាធារណជនចូលរួម ព្រមទាំងផ្ដល់នូវ ៥០កន្លែងដល់អ្នកស្ម័គ្រចិត្តជាជនជាតិបរទេស។ លើសពីនេះក៏ត្រូវការអ្នកស្ម័គ្រចិត្ត នៅខេត្តសៀមរាប ចំនួន ១០០នាក់ ខេត្តព្រះសីហនុ ចំនួន ១០០នាក់ ខេត្តកែប ៥០នាក់ និងខេត្តកំពត ៥០នាក់។

    * ការចូលរួមស្ម័គ្រចិត្ត៖

    អ្នកស្ម័គ្រចិត្តត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

    – អាយុចាប់ពី ១៨ឆ្នាំឡើងទៅ (គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣)
    – មានពេលវេលាគ្រប់គ្រាន់
    – មានសុខភាពល្អ ដើម្បីបំពេញការងារ
    – មានឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ
    – មានអាកប្បកិរិយាស្លូតបូត និងសុភាពរាបសា
    – លើកទឹកចិត្តចំពោះជនមានពិការភាព គ្រូបង្វឹកកីឡា អតីតកីឡាករ កីឡាការិនី
    – ចេះភាសាអង់គ្លេស (សម្រាប់អ្នកស្ម័គ្រជាអ្នកសម្របសម្រួល LO)

    អ្នកស្ម័គ្រចិត្តត្រូវមានឯកសារតម្រូវ៖
    – រូបថត (ទំហំ ៤គុណ៦) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងជីវប្រវត្តិសង្ខេប
    – ឆ្លងកាត់ការចុះឈ្មោះតាមអនឡាញ (Online Registration) និងត្រូវឆ្លងកាត់កិច្ចសម្ភាសន៍ ព្រមទាំងចូលរួមវគ្គបណ្ដុះបណ្ដាលភារកិច្ចដែលអ្នកស្ម័គ្រចិត្តនឹងធ្វើពេលព្រឹត្តិការណ៍។

    * វិធី និងដំណាក់កាលនៃការបំពេញពាក្យជាអ្នកស្ម័គ្រចិត្ត៖

    បើកទទួលចុះឈ្មោះពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដោយចូលទៅកាន់ https://cambodia2023.com/km/volunteer-register

    ការបំពេញពាក្យស្នើសុំត្រូវបានកំណត់ជា ៣ដំណាក់កាល ហើយបេក្ខភាពដែលបំពេញពាក្យស្នើសុំបានជោគជ័យ នឹងទទួលបានសារបញ្ជាក់នៅលើ Telegram ឬនៅលើ E-mail។ បន្ទាប់ពីត្រូវបានជ្រើសរើស បេក្ខជននឹងត្រូវឆ្លងកាត់សម្ភាសន៍ ស្របតាមស្ដង់ដាដាក់ពិន្ទុដែលកំណត់ (ចំនួន៦ផ្នែក) ដើម្បីធានានូវតម្លាភាព។ ចំពោះការងារដែលមានតម្រូវការជំនាញកម្រិតខ្ពស់ នឹងមានការចូលរួមសម្ភាសន៍ពីគណៈកម្មការជំនាញ។

    * ការប្រកាសលទ្ធផល៖
    បេក្ខជនដែលបានជាប់នឹងទទួលបានសារបញ្ជាក់ពីជោគជ័យក្នុងការក្លាយខ្លួនទៅជាអ្នកស្ម័គ្រចិត្ត សម្រាប់ព្រឹត្តិការណ៍កីឡា និងបន្តចូលរួមវគ្គបណ្ដុះបណ្ដាលដែលបានរៀបចំដោយគណៈកម្មការ តាមរយៈ Telegram និង E-mail។

    * ការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត៖
    ការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត ត្រូវបានបែងចែកជា ២កម្រិតរួមមាន៖ ១. កម្រិតថ្នាក់ដឹកនាំ និងជនបង្គោល។ ២. កម្រិតអ្នកស្ម័គ្រចិត្តទូទៅ។

    កម្រិតថ្នាក់ដឹកនាំ និងជនបង្គោល មានរយៈពេល ៣ថ្ងៃ ស្មើនឹង ១៨ម៉ោង ខណៈកម្រិតអ្នកស្ម័គ្រចិត្តទូទៅ មានរយៈពេល ២ថ្ងៃ ស្មើនឹង ១៣ម៉ោងកន្លះ។

    * អត្ថប្រយោជន៍អ្នកស្ម័គ្រចិត្តទទួលបាន៖
    -អាវយឺត ចំនួន ២
    -ខោ ចំនួន ២
    -មួក ចំនួន ១
    -កាតាប ចំនួន ១
    -លិខិតថ្លែងអំណរគុណ
    -ផ្គត់ផ្គង់អាហារ ដោយបានគិតគូរដល់បងប្អូនខ្មែរឥស្លាម និងអ្នកមានប្រតិកម្មអាហារផ្សេងៗ៕

    ប្រភព៖ Cambodia 2023

    Share This Post: