លោកយាយ អាយុជាង ៩០ឆ្នាំ រង់ចាំកូនចៅរយៈ២ថ្ងៃមិនឃើញមកទទួល ត្រូវបានអាជ្ញាធររៀបចំ យកទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា
ខេត្តព្រះសីហនុ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក Huy Bunleng នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ករណីជីដូនវ័យជាង៩០ឆ្នាំមួយរូប ដើរមិនរួចជិះតែលើរទេះរុញ ដែលអះអាងថាកូនចៅបោះបង់ចោល បច្ចុប្បន្នត្រូវបានសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយដោយយកជីដូនរូបនេះទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្ត រ៉ាប់រងរកអ្នកមើលថែ រួមទាំងជូនប្រាក់ ជាមួយគ្រឿងឧបភោគ បរិភោគបន្ទាប់ពីអាជ្ញាធរព្យាយាមទូរស័ព្ទតាមលេខដែលមានជាប់នឹងខ្លួនលោកយាយ ស្វះស្វែងរកសាច់ញាតិមិនទទួលជោគជ័យ និងមិនឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ។

នេះបើតាមការបញ្ជាក់ពីលោកចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោយជំនួបរកដំណោះស្រាយ ក្រោមវត្តមានលោកស្រី ប្រាក់ ចន្ទ័សុខា ក្នុងនាមសាខាកាកបាទក្រហមខេត្តព្រះសីហនុ ព្រមទាំងវត្តមានថ្នាក់ដឹកនាំមន្ទីរកិច្ចការនារីខេត្តនិងមន្ទីរអង្គភាពពាក់ពន្ធ័នៅសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ នាព្រឹកថ្ងៃ៧កុម្ភៈ២០២៣នេះ។
សូមបញ្ជាក់ថា ក្រោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថា ឃើញជីដូនមួយរូបវ័យជាង ៩០ឆ្នាំ នៅម្តុំឃ្លាំងលើសង្កាត់លេខ១ ដែលដំបូង គេសន្និដ្ឋានថា ទំនងជាវង្វេងផ្ទះ ឬវង្វេងសាច់ញាតិ អាជ្ញាធរមូលដ្ឋានក៏ចុះសាកសួរ និងក្រោយមកបាននាំជីដូនរូបនេះ មកមើលថែរបណ្តោះអាសន្ននៅសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ។ ក្នុងពេលរង់ចាំ មិនឃើញកូនចៅ សាច់ញាតិមកទទួលយក មន្ត្រីសង្កាត់និងក្រុមការងារសង្គ្រោះ ក៏បានរៀបចំកន្លែងឲ្យលោកយាយសម្រាន្តនៅសាលាសង្កាត់លេខ១ ជាបណ្តោះអាសន្ន និងដាក់ឲ្យមានអ្នកមើលថែទាំលោកយាយរូបនេះ ចាប់តាំងពីយប់ថ្ងៃទី៥ ខែកុម្ភៈបន្តរហូតមកដល់យប់ថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏នៅតែមិនឃើញមានកូនចៅមកទទួលយក ទើបអជ្ញាធររដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តព្រះសីហនុរៀបចំដោះស្រាយជាបណ្តោះអាសន្នបែបនេះ។
ទោះជាជីដូនរូបនេះអះអាងថា រូបជីដូនត្រូវកូនចៅបោះបង់ចោលឲ្យចេញពីផ្ទះយ៉ាងណាក្តី ប៉ុន្តែអាជ្ញាធរមិនទាន់កំណត់ថា ជាដំណឹងពិតឬបែបណានោះទេ ដោយនៅតែរង់ចាំដំណឹងពីកូនចៅ ឬសាច់ញាតិ បញ្ជាក់បន្ថែម ហើយការរៀបចំយកជីដូនឲ្យទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្តរ៉ាប់រងរកអ្នកមើលថែ និងផ្ដល់ជាប្រាក់ រួមទាំងម្ហូបអាហារនោះ ក៏ដោយសារតែមិនទាន់ឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ៕







ប្រភព៖ Huy Bunleng News