ក្រសួងអប់រំ ដាក់គោលការណ៍ចំនួន៥ ស្ដីពីការផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ ឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធជាមន្ត្រីរាជការ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ ឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធជាមន្ត្រីរាជការ។

ក្រសួងអប់រំ សូមជម្រាបជូន បុគ្គលិកអប់រំដែលបានដាក់ពាក្យស្នើសុំផ្លាស់ប្ដូរទីកន្លែង បម្រើការងារឆ្លងរាជធានី ខេត្ត មេត្តាជ្រាបថា៖ ក្រសួងបានប្រជុំផ្ទៃក្នុងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ និង បានសម្រេចជាគោលការណ៍ពាក់ព័ន្ធសំណើផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធជាមន្ត្រីរាជការ ដូចខាងក្រោម៖
១. ឯកភាពជាគោលការណ៍ឱ្យមានការផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធ (ប្តីឬប្រពន្ធ) ជាមន្ត្រីរាជការ ក្នុងឆ្នាំ ២០២២ ស្របតាមគោលការណ៍ច្បាប់។
២. ចំពោះការផ្លាស់ចូលអង្គភាពថ្នាក់កណ្តាល ស្នើសុំប្រធានអង្គភាពបញ្ជាក់អំពីភារកិច្ច ដែលត្រូវ ប្រគល់ជូន និងស្របតាមបេសកកម្មរបស់អង្គភាព ដោយពិនិត្យលើគុណវុឌ្ឍរបស់សាម៉ីជន និង បំណែងចែកភារកិច្ចក្នុងអង្គភាព។
៣. ចំពោះការផ្លាស់ចូលរាជធានីភ្នំពេញ ត្រូវអនុញ្ញាតឱ្យទៅកន្លែងដែលខ្វះគ្រូ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវបញ្ជាក់ថា បុគ្គលិកអប់រំត្រូវបានពង្រាយទៅកន្លែងដែលខ្វះ និងមានការយល់ព្រមទទួលពីនាយកសាលាសាមី។
៤. ចំពោះការផ្លាស់ចូលខេត្តនានា ត្រូវមានរបាយការណ៍បញ្ជាក់ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តថា ត្រូវបានពង្រាយទៅកន្លែងខ្វះគ្រូ។
៥. ក្រសួងនឹងបន្តកែលម្អលក្ខខណ្ឌនៃការផ្ទេរបុគ្គលិកអប់រំ ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម បុគ្គលិកអប់រំដែលបានដាក់ពាក្យស្នើសុំ និងអង្គភាពពាក់ព័ន្ធ ជ្រាបជាព័ត៌មាន និងមានចំណាត់ការបន្ត តាមការគួរ ៕

ប្រភព៖ MoEYS Cambodia