ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាបង្ហាញមហិច្ឆតាតស៊ូមតិឱ្យ «គុនខ្មែរ»​ ដាក់បញ្ចូលក្នុងស៊ីហ្គេម ជាបន្ត​បន្ទាប់

    BY Khmernote Media February 9, 2023
    កម្ពុជាបង្ហាញមហិច្ឆតាតស៊ូមតិឱ្យ «គុនខ្មែរ»​ ដាក់បញ្ចូលក្នុងស៊ីហ្គេម ជាបន្ត​បន្ទាប់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភេទកីឡាប្រដាល់ «គុនខ្មែរ» «Kun Khmer» ដែលជាយុទ្ធគុនប្រពៃណីជាតិខ្មែរត្រូ​វបាន​ដាក់​បញ្ជូលជាប្រភេទកីឡាថ្មីមួយជាប្រវត្តិសាស្ត្រដំបូង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី​៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយរង់ចាំអស់​រយៈពេល ៦៤ឆ្នាំ។

    គុនខ្មែរ ស្ថិតនៅក្នុងចង្កោមប្រភេទកីឡាយុទ្ធគុនចម្រុះ រួមមាន៖ គុនល្បុក្កតោ, Arnis (គុនដំបងរបស់ហ្វីលីពីន), ជឺជីតស៊ូ, ឃីកបុកស៊ីង, វ៉ូវីណាម ខណៈគុនខ្មែរត្រូវបានគណៈ​កម្មា​ធិ​ការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដាក់ជា​គោល​ការណ៍នូវសន្ទស្សន៍មេដាយមាសចំនួន៣គ្រឿង។ កាលពីពេលថ្មីៗនេះ គុនខ្មែរត្រូវបាន​កំណត់នូវវិញ្ញាសាចំនួន១៩ ដើម្បីដាក់ចូលប្រកួតកីឡាស៊ីហ្គេម លើកទី៣២​ នាខែឧសភា ឆ្នាំ២០២៣។ ក្នុងនោះ ១៩ វិញ្ញាសានេះ គឺមានវិញ្ញាសាប្រយុទ្ធ១១​ប្រភេទ​ទម្ងន់​បុរស និង​៦​ប្រភេទ​ទម្ងន់​នារី ខណៈ២វិញ្ញាសាទៀត គឺ​គុន​គ្រូបុរស​ និង​គុន​គ្រូនារី​។ ប្រជាពលរដ្ឋខ្មែរបាន​បង្ហាញ​ការគាំទ្រយ៉ាងក្លៀវក្លា ចំពោះការដាក់បញ្ជូលប្រភេទកីឡា គុនខ្មែរ ក្នុងព្រឹត្តិការណ៍​កីឡា​ជាប្រវត្តិសាស្ត្រមួយនេះ។

    នៅក្នុងសន្និសីទសារព័ត៌មានពីរលើកចុងក្រោយ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហេង សុឃន អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបាន​លើកបង្ហាញពីផែនការរៀប​ចំការហ្វឹកហាត់បំប៉នសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិគុនខ្មែរ ដើម្បីត្រៀមប្រកួត​ប្រជែងមេដាយមាសជូនជាតិឱ្យបានច្រើន ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ ឯកឧត្ដម​បាន​បញ្ជាក់ថា៖ «សហព័ន្ធ​កីឡាប្រដាល់គុនខ្មែរបានត្រៀមកីឡាករ កីឡាការិនីគ្រប់ចំនួន​លើ​វិញ្ញាសាទាំងអស់រួចរាល់អស់ហើយជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់របស់ពួកគេ​ ក្រោមការលើក​ទឹក​ចិត្តពី​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC ដើម្បីដណ្តើមបានកិត្យានុភាពជាតិ មេដាយជូនជាតិ ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើក​ដំបូង ក្រោយរង់ចាំក្នុងរយៈពេលយ៉ាងយូររហូតដល់ ៦៤ឆ្នាំ»

    តាមរយៈកិច្ចប្រជុំពិសេសប្រតិភូកីឡាប្រដាល់គុនខ្មែរអន្តរជាតិ នៅកម្ពុជា កាលពីចុង​ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ គុនខ្មែរត្រូវបានធ្វើឡើងក្រោមការគាំទ្រជាផ្លូវការ​ពីសមាជិក​កិច្ចប្រជុំចំនួន៨ប្រទេស ក្នុងតំបន់អាស៊ាន ដូចជា ថៃ, ឡាវ,ម៉ាឡេស៊ី​, មីយ៉ាន់ម៉ា​, ឥណ្ឌូណេស៊ី​, ហ្វីលីពីន​, វៀតណាម រួម​ទាំងម្ចាស់ផ្ទះ និងម្ចាស់ក្បាច់គុន គុនខ្មែរ កម្ពុជា។

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC គូសបញ្ជាក់ថា ម្ចាស់ផ្ទះស៊ីហ្គេម កម្ពុជាបានប្រកាសជាផ្លូវការដល់ប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ថា កម្ពុជា​បានសម្រេចដាក់បញ្ជូលប្រភេទកីឡាប្រពៃណី គុនខ្មែរ ក្នុងស៊ីហ្គេម ២០២៣ ដោយមិនរៀបចំ​ការប្រកួតកីឡា Muay នោះទេ។ កម្ពុជានឹងធ្វើលិខិតផ្លូវការអញ្ជើញដល់គណៈកម្មាធិការ​អូឡាំ​ពិកជាតិនៃប្រទេសអាស៊ានទាំងអស់ស្តីពីប្រភេទកីឡាគុនខ្មែរ និងការកំណត់វិញ្ញាសានេះ។​ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា «បន្ទាប់ពីប្រកាសដាក់បញ្ជូល គុនខ្មែរ ជាផ្លូវការ ក្នុង​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មានបញ្ហាចម្រូងចម្រាស់បានកើតឡើងខ្លះៗ ប៉ុន្តែក្នុងនាម​ម្ចាស់​ផ្ទះ យើងមិនខ្វល់ពីការលើកឡើងបែបណានោះទេ យើងជាម្ចាស់ផ្ទះ យើងធ្វើឡើង​អាស្រ័យ​ដោយទទួលបានការគាំទ្រ និងពេញចិត្តរបស់ប្រជាជនយើង គោរពទៅលើអត្ត​សញ្ញាណជាតិខ្មែរយើង ហើយយើងក៏មានប្រភេទកីឡាអត្តសញ្ញាណជាតិខ្មែរយើងក៏ច្រើនដែរ ដូច្នេះរឿងអី ដែលក្នុងនាមជាម្ចាស់ផ្ទះ យើងមិនដាក់ប្រភេទកីឡាអត្តសញ្ញាណជាតិយើង»

    បើតាមឯកឧត្ដម វ៉ាត់ ចំរើន ពេលនេះកម្ពុជាទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដែល​ជាមិត្តដ៏ល្អរបស់កម្ពុជា ដូចជាឡាវ មីយ៉ាន់ម៉ា​ក្នុងការចូលរួមលើប្រភេទកីឡា គុនខ្មែរ​របស់​កម្ពុជា ដោយគាត់ក៏មានក្បាច់គុនស្រដៀង គុនខ្មែរយើងដែរ ប៉ុន្តែប្រទេសទាំង​បាន​ឯកភាព និងស្មោះស្ម័គ្រចូលរួមជាមួយកម្ពុជា ១០០ភាគរយ។ ចំណែកឯប្រទេសឥណ្ឌូណេស៊ី ក៏មានក្បាច់គុនប្រពៃណីរបស់ខ្លួន គឺបញ្ចសីលា ប៉ុន្តែយើងផ្លាស់ប្តូរជួយគ្នាទៅវិញទៅមក ដោយ​កម្ពុជាទៅរៀនក្បាច់គុនពីឥណ្ឌូណេស៊ី ហើយឥណ្ឌូណេស៊ីក៏រៀនពីក្បាច់គុនរបស់​ខ្មែរ​យើង។

    «ដោយឡែកប្រទេសថៃ យើងត្រូវដឹងថា ជាធម្មតា ក្នុងសង្គមតែងតែមានក្រុមស្រប និងក្រុមមិនស្រប ដោយក្រុមកីឡា Muay បុរាណ គឺស្របជាមួយយើង ហើយគាត់ចង់​ចូល​រួមប្រកួតស៊ីហ្គេម ២០២៣ ជាមួយកម្ពុជាយើង ដោយគាត់បានស្នើសុំឲ្យម្ចាស់ផ្ទះ ស៊ីហ្គេម កម្ពុជាជួយបញ្ចុះបញ្ជូលជាមួយរដ្ឋាភិបាលថៃ។ ពេលនេះ យើងក៏បានបានធ្វើនិធីស្នើនេះទៅ​កាន់ក្រុមគាត់ហើយ ដោយយើងរង់ចាំតែប៉ុណ្ណោះ»។ ឯកឧត្តមវ៉ាត់ ចំរើន បានអះអាងយ៉ាង​ដូច្នេះបន្ថែមទៀត។

    ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះ សមាជិកាទាំង៨ប្រទេស​ក៏បាន​ឯកភាព​គ្នា​ទាំងស្រុងទៅលើបទបញ្ជាប្រកួត និងវិញ្ញាសាតាមប្រភេទទម្ងន់ ក្នុងពេល​ស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ដើម្បីយកទៅប្រើប្រាស់ និងការគោរពជារួមនៅគ្រប់ប្រទេស ព្រមទាំងសម្រាប់ការប្រកួត​លក្ខណៈ​អន្តរជាតិក្រោយៗទៀត។ ទន្ទឹមនេះ ដើម្បីលើកទឹកចិត្ត​កីឡា​គុនខ្មែរយើង និងជាវប្បធម៌ អរិយធម៌គុនខ្មែររបស់យើងដ៏ផូរផង់ និងកីឡាអត្តសញ្ញាណ​បុព្វបុរសជាតិ កម្ពុជាបានបញ្ចូលវិញ្ញាសា​សម្តែង ដែលហៅថា «គុនគ្រូ» ទាំងវិញ្ញាសាបុរស និងនារី។ ចំពោះគុនគ្រូ គឺជាសិល្បៈមួយដែលរក្សាប្រពៃណីទំនៀមទម្លាប់ និងថែរក្សានូវ​អត្ត​សញ្ញាណយើង ដោយក្បាច់គុនយើងមានទាំងសិល្បៈ មានទាំងយុទ្ធគុន មានទាំងយុទ្ធសាស្រ្ត និង​យុទ្ធ​វិធី ទាំងនេះគឺជាសិល្បៈកីឡាមួយ ហើយការដាក់បញ្ចូលវិញ្ញាសាគុនគ្រូនេះ ប្រទេស​ទាំងអស់បាន​ឯកភាពគ្នាគាំទ្រ យកទៅហ្វឹកហាត់តាមការណែនាំរបស់យើង ដើម្បីមកប្រកួត​ជាមួយយើងនៅស៊ីហ្គេម។ ចំណុចមួយទៀតកម្ពុជាបានកំណត់របៀបតុប​តែងខ្លួន​កីឡា​ប្រដាល់​គុនខ្មែរ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណយើង គឺប្រើក្រមា និងទង់ជាតិជួតក្បាលនៅ​ខាងមុខ។ រីឯប្រទេសផ្សេងគឺអាចប្រើក្រមាដូចគ្នា ដោយគ្រាន់តែដាក់ទង់ជាតិរបស់ប្រទេស​រៀងៗខ្លួនបាន។ គ្រប់តាមស្ថានីយ៍ទូរទស្សន៍ គ្រប់ការប្រកួតគុនខ្មែរទាំងអស់នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជា ត្រូវធ្វើគំរូនៃទម្រង់តុបតែងខ្លួនរបស់កីឡាករឱ្យដូចៗគ្នា អនុវត្តឱ្យបាន​ដូចៗ​គ្នា ពោលគឺគំរូពុម្ព​តែមួយ ស្លៀកតែមួយ ការតុបតែងតែមួយឱ្យមានឯកភាពជាតិតែមួយ ដើម្បី​ឆ្ពោះទៅរកការ​អភិវឌ្ឍមួយ​ឆ្ពោះទៅរកចីរភាព។

    ឯកឧត្តម វ៉ាត់ ចំរើន ក៏បានប្តេជ្ញាចិត្តនឹងផ្សព្វផ្សាយស្វែងរកសមាជិកភាព​ឱ្យបានច្រើន​បន្ថែមទៀត ដោយបច្ចុប្បន្នកីឡាគុនខ្មែរ មានសមាជិកគ្រប់ទ្វីបទាំងអស់សរុប២៩ប្រទេស រាប់បញ្ជូលទាំងក្នុង​អាស៊ាន​មាន​គុនខ្មែរ៨ប្រទេស) ដោយនេះជាសញ្ញាណវិជ្ជមានដ៏រឹងមាំ ដែល​ជាឱកាសមាសមួយសម្រាប់កម្ពុជា ក្នុងការដាក់បញ្ជូល​កីឡាគុនខ្មែរចូលក្នុងស៊ីហ្គេម។ បន្ថែមពីលើនេះ កម្ពុជានឹងខិតខំប្រឹងប្រែងពង្រីកឥទ្ធិពល សក្តានុពល វប្បធម៌ជាតិទៅគ្រប់​ប្រទេសទាំងអស់ ដោយក្បាច់គុនបុរាណខ្មែរនេះមានមូលដ្ឋានគ្រឹះក្នុងការរៀបចំឱ្យ​បានត្រឹម​ត្រូវក្បួនខ្នាតទ្រឹស្តីកីឡា និងច្បាប់ទម្លាប់ត្រឹមត្រូវ និងជាប្រភេទកីឡាមានប្រជាប្រិយភាព តាម​រយៈការគាំទ្រពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងកិច្ចប្រជុំនាយកបេសកម្មអូឡាពិកប្រទេសនីមួយៗ។

    អ្វីជាការប្តេជ្ញាចិត្តដ៏មោះមុត​ក្នុងនាមជាប្រតិបត្តិករកីឡាដ៏សកម្មមួយរូប ឯកឧត្តម វ៉ាត់​ ចំរើន ក៏បានបង្ហាញពីមហិច្ឆារបស់កម្ពុជា ក្នុងការតស៊ូមតិ ខិតខំបន្ថែមឱ្យអស់ពីលទ្ធភាព ដើម្បីដាក់គោលដៅស្នើសុំឱ្យ «គុនខ្មែរ» ដែលជាក្បាច់គុនប្រពៃណីជាតិខ្មែរ បន្សល់ទុកពីបុព្វ​បុរស​ខ្មែរគ្រប់ៗជំនាន់បានដាក់បញ្ជូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម រៀងរាល់២ឆ្នាំម្តង ជាបន្ត​បន្ទាប់ទៀត បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពល​រដ្ឋ​ខ្មែរចូល​រួមគាំទ្រ ក្នុងស្មារតីជាតិនិយម ដើម្បីរួមគ្នាថែរក្សាមរតកក្បាច់គុន «គុនខ្មែរ» ដើម្បី​កិត្តិយស​ជាតិ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ពីព្រោះស៊ីហ្គេម ២០២៣ គឺជាទ្រព្យសម្បត្តិរបស់​ប្រជា​ជន​កម្ពុជា​ទាំងអស់គ្នា រួមទាំងគោលដៅឆ្ពោះទៅស៊ីហ្គេម នាឆ្នាំបន្ទបន្ទាប់ទៀត ក៏ដូចជាពង្រីក​ការ​អភិវឌ្ឍ​ឆ្ពោះទៅព្រឹត្តិការណ៍អន្តរជាតិនានា នាថ្ងៃអនាគតផងដែរ៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: