ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    របងថ្មដែលសាងសង់នៅឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ត្រូវបានម្ចាស់វាយកម្ទេចចោលវិញហើយ បន្ទាប់ពីមានការណែនាំពីអាជ្ញាធរខេត្ត

    BY Khmernote Media February 9, 2023
    របងថ្មដែលសាងសង់នៅឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ត្រូវបានម្ចាស់វាយកម្ទេចចោលវិញហើយ បន្ទាប់ពីមានការណែនាំពីអាជ្ញាធរខេត្ត

    ខេត្តព្រះសីហនុ៖ ក្រោយទទួលរង់ការរិះគន់យ៉ាងចាស់ដៃពីមហាជន ក្នុងបណ្ដាញសង្គមហ្វេសប៊ុក រឿងសង់របងថ្មនៅតាមឆ្នេរអូឈើទាល ក្នុងក្រុងព្រះសីហនុនោះ ពេលនេះត្រូវបានម្ចាស់ទីតាំងវាយកម្ចេចចោលវិញហើយ បន្ទាប់ពីមានការណែនាំពីអាជ្ញាធរខេត្ត។ ការវាយកម្ចេចចោលរបងថ្មនេះ ធ្វើឡើងនៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

    យោងតាមអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុលោក ឃាង ភារម្យ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលខេត្ត ធ្វើការសម្របសម្រួលជាមួយម្ចាស់ទីតាំង។ ក្រោយមានការសម្របសម្រួលពីអាជ្ញាធរខេត្តរួចមក ម្ចាស់ទីតាំងបានសម្រេចវាយរបងចេញនៅផ្នែកខាងក្រោយ គឺនៅតាមឆ្នេរសមុទ្រ។ លោក ឃាង ភារម្យ បន្ដទៀតថា «ក្រោយពីការសម្របសម្រួលគ្នាពីអាជ្ញាធរខេត្ដរួចហើយ ម្ចាស់របងក៏បានវាយរបងចេញនៅខាងឆ្នេរសមុទ្រនេះ កាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣»

    គួរបញ្ជាក់ដែរថា រយៈពេលប៉ុន្មានថ្ងៃមកនេះមានការរិះគន់យ៉ាងខ្លាំងពីមហាជន រឿងសង់របងលើឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ដែលធ្វើឲ្យបាត់បងសោភ័ណ្ឌភាពឆ្នេរ។ តែនៅពេលនេះស្ថានភាពឆ្នេរវិលទៅសភាពដើមវិញ ក្រោយមានការចំណាត់ការភ្លាមៗពីថ្នាក់ដឹកនាំ និងក្រោមការសម្របសម្រួលពីអាជ្ញាធរខេត្តព្រះសីហនុ៕

    ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

    Share This Post: